ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ លោកជំទាវ Marie-Helene LOISON អគ្គនាយករងប្រតិបត្តិ នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD)បានបញ្ជាក់ថា បារាំងនឹងបន្តគាំទ្រកម្ពុជា ដោយនឹងផ្តល់ជំនួយដល់ប្រទេសនេះ២០០លានអឺរ៉ូជារៀងរាល់ឆ្នាំ។
លោកជំទាវបានថ្លែងបែបនេះ ក្នុងជំនួបជាមួយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី២០ ឧសភាកន្លងមកនេះ។
ក្នុងជំនួបនោះ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា គិតចាប់ពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បនេះ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ចំនួនប្រមាណ១១៥០លានអឺរ៉ូ, ក្នុងនោះរួមមានហិរញ្ញប្បទានឥតសំណងចំនួន២១៧លានអឺរ៉ូ និងឥណទានសម្បទានសម្រាប់រយៈពេល១១ឆ្នាំ ប្រមាណ៨០០លានអឺរ៉ូ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រគ្រប់គ្រងបំណុលសាធារណៈ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា។
លោកបន្តថា រាជរដ្ឋាភិបាលនិតិកាលទី៧ បានផ្តល់អាទិភាពគន្លឹះដល់៖ មនុស្ស (ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈបច្ចេកទេស និងជំនាញទេសចរណ៍), ផ្លូវ (ការអភិវឌ្ឍប្រព័ន្ធផ្លូវនៅតាមបណ្តាខេត្ត), ទឹក (ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងរោងច្រកផលិតទឹកស្អាត), ភ្លើង (ការអភិវឌ្ឍបណ្តាញខ្សែ បញ្ជូនអគ្គិសនី), និង បច្ចេកវិទ្យាឌីជីថល។
លោកជំទាវ Marie – Héléne LOISON បានលើកឡើងអំពីកិច្ចសហ ប្រតិបត្តិការហិរញ្ញប្បទានទ្វេភាគីកម្ពុជា-បារាំង ដែលមានការរីកចម្រើនជាលំដាប់ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អក្នុងការរៀបចំកិច្ចពិគ្រោះយោបល់ គោលនយោបាយលើកទី៧ ដោយជោគជ័យ និងទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់ កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៤ ។
លោកជំទាវបញ្ជាក់ថា “បារាំងនឹងនៅតែបន្តគាំទ្រ ដល់កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរបស់កម្ពុជា ដោយនៅតែរក្សាទំហំឥណទានសម្បទានចំនួន២០០លានអឺរ៉ូក្នុងមួយឆ្នាំ”។
លើសពីនេះបារាំងនឹងបន្តជួយ កៀរគរជំនួយបច្ចេកទេសពីExpertise France ហិរញ្ញប្បទានឥតសំណងពីសហគមអឺរ៉ុប និងសហហិរញ្ញប្បទានពីប្រភពផ្សេងទៀត សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍ និងស្តារសង្គម-សេដ្ឋកិច្ច កម្ពុជា ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ។
លោកបញ្ជាក់ថា “លទ្ធផល និងកិច្ចពិភាក្សាដ៏ស៊ីជម្រៅ នាឱកាសកិច្ចពិគ្រោះយោបល់ គោលនយោបាយលើកទី៧ បានស្តែងឱ្យឃើញអំពីសារៈប្រយោជន៍ នៃយន្តការទ្វេភាគីដ៏សំខាន់ក្នុងការពង្រឹង និងការពង្រីកលើកិច្ចសហប្រតិបត្តិការនានា ជាពិសេសទំនាក់ទំនងភាពជាដៃគូអភិវឌ្ឍន៍”៕
ផ្ដល់សិទ្ធិដោយ: Property Area