ដោយៈ គង់ សូរិយា
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) កំពុងធ្វើការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីពិនិត្យឡើងវិញនូវវិធីសាស្រ្តសម្រា ប់វាស់តម្លៃលំនៅឋានទូទាំងប្រទេស ក្រោមសន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅដ្ឋាន (RPPI)។
ការពិនិត្យឡើងវិញនេះ ត្រូវបានរៀបចំឡើងក្រោយមានរបាយការណ៍លម្អិត ដែលផ្តួចផ្តើមដោយអង្គការអន្តរជាតិ ក្នុងខែមករា ដែលបានស្នើឱ្យមានការត្រួតពិនិត្យមួយចំនួន នៅក្នុងទិន្នន័យ និងវិធីសាស្រ្ត ដែលត្រូវបានប្រើដើម្បីបង្កើតRPPI ដោយធនាគារជាតិនៃកម្ពុជា ដែលអាចជាការកើនឡើង នៃកំណើនសន្ទស្សន៍ និងការព្យាករណ៍ពីការកើនឡើងតម្លៃផ្ទះ។
RPPI ជាសូចនាករសំខាន់ សម្រាប់កម្រិតអតិផរណា នៅក្នុងសេដ្ឋកិច្ច រួមជាមួយនឹងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI)។
ក្នុងទម្រង់ដូចគ្នាដែលCPI ប្រៀបធៀបនិន្នាការតម្លៃអ្នកប្រើប្រាស់តាមកាលកំណត់ RPPI ផ្តល់នូវសន្ទស្សន៍តម្លៃលំនៅឋានជាតិទាំងមូល ដោយផ្អែកលើទិន្នន័យពីប្រាក់កម្ចីទិញផ្ទះ ដែលចេញដោយធនាគារនៅកម្ពុជា។
នៅពេលដែលវិស័យអចលនទ្រព្យ មានសន្ទុះខ្លាំងនៅចន្លោះឆ្នាំ២០១៧ និង២០២១ NBC បានបើកដាក់អោយប្រើប្រាស់ RPPI នៅពាក់កណ្តាលឆ្នាំ២០២២ ដើម្បីផ្តោតជាពិសេសលើការកើនឡើង និងការធ្លាក់ចុះនៃតម្លៃលំនៅឋាន ដែលជាការណែនាំសម្រាប់ការគ្រប់គ្រងកម្រិតអតិផរណានៅទូទាំងសេដ្ឋកិច្ច។
នៅខែមិថុនា ឆ្នាំ២០២២ សន្ទស្សន៍ RPPI ដែលទើបដាក់បញ្ចូលថ្មី បានបង្ហាញពីការកើនឡើង៩ ភាគរយនៃតម្លៃផ្ទះនៅទូទាំងប្រទេស ធៀបនឹងកម្រិតក្នុងឆ្នាំ២០២០ ហើយនៅពាក់កណ្តាលឆ្នាំ២០២៣ RPPI បានកើនឡើង១៦ភាគរយនៃតម្លៃលំនៅដ្ឋាន។
គិតត្រឹមត្រីមាសទីមួយ នៃឆ្នាំ២០២៤ RPPI បានធ្លាក់ចុះបន្តិចម្ដងទៀតដល់១២ ភាគរយ បើធៀបនឹងតម្លៃក្នុងឆ្នាំ២០២០។
យ៉ាងណាក៏ដោយ នៅក្នុងរយៈពេលដូចគ្នា អត្រាអតិផរណារបស់កម្ពុជានៅមានកម្រិតទាប បើធៀបនឹងប្រទេសផ្សេងទៀតក្នុងតំបន់។
ជាឧទាហរណ៍ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថា កម្ពុជា នឹងមានអតិផរណាត្រឹមតែ ២,០ភាគរយនៅឆ្នាំនេះ ខណៈឡាវត្រូវបានគេព្យាករណ៍ថា នឹងមានអតិផរណាប្រមាណ២០ភាគរយ និងមីយ៉ាន់ម៉ាមាន ១៥,៥ ភាគរយ៕
ផ្ដល់សិទ្ធិដោយ: Property Area