មុននឹងបញ្ចប់ សម្តេចធិបតី និងលោកស្រីអគ្គនាយិការង ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើវិស័យសំខាន់មួយចំនួន រួមមាន៖
(១) ពាណិជ្ជកម្ម និងគោលនយោបាយក្នុងការទាក់ទាញការវិនិយោគ ដោយរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្ដល់នូវការលើកទឹកចិត្តបន្ថែមទៀតដល់ការវិនិយោគនៅកម្ពុជា, ការធ្វើសាមញ្ញកម្មនីតិវិធីនៃដំណើរការវិនិយោគ, និងគំនិតផ្ដួចផ្ដើមថ្មីៗបន្ថែមទៀត ដូចជា គំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវការរបស់ប្រទេសនីមួយៗ និងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងការផ្តល់នូវភាពបត់បែន និងការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានានូវបរិយាកាសធុរិកិច្ច និងភាពប្រកួតប្រជែង។
(២) គំនិតផ្តួចផ្តើមក្នុងការបង្កើតមជ្ឈមណ្ឌលវប្បធម៌ និង ភាសាបារាំងប្រចាំតំបន់ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងការបណ្តុះបណ្តាល ផ្នែកវប្បធម៌ ភាសា ទំនាក់ទំនងប្រជាជន និងប្រជាជន កីឡា ទេសចរណ៍ និងពាណិជ្ជកម្ម និង (៣) អន្តរកាលនៃវិស័យថាមពល ដោយបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងការដាក់ចេញនូវផែនការយុទ្ធសាស្រ្តសំខាន់ៗក្នុងការធានាឱ្យបាននូវការប្រើប្រាស់ថាមពល និងចូលរួមចំណែកការទប់ស្កាត់ការប្រែប្រួលអាកាសធាតុផងដែរ។