ដោយ: គង់ ម៉ាលីនណា
ភ្នំពេញៈ គណៈប្រតិភូមកពីខេត្តស៊ីឈួន ខេត្តគុនមីង និងប្រតិភូជាន់ខ្ពស់នៃសភាចិន បាននិងកំពុងត្រៀមមកបំពេញទស្សនកិច្ចជាបន្តបន្ទាប់នៅកម្ពុជា។
ជាក់ស្តែង គណៈប្រតិភូមិត្តភាពនៃក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដើម្បីពង្រឹងការជឿទុកចិត្តគ្នា ធ្វើឱ្យមិត្តភាពកាន់តែស៊ីជម្រៅ និងជំរុញកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើវិស័យការទូត វិនិយោគ ទេសចរណ៍ជាដើម។
គណៈប្រតិភូមិត្តភាពនៃក្រុងគុនមីងនេះ ដឹកនាំដោយលោក Liu Hongjian សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ខេត្តយូណាន និងជាលេខាគណៈកម្មាធិការបក្សក្រុងគុនមីង។
ជាមួយគ្នានេះ គណៈប្រតិភូខេត្តស៊ីឈួន នៃសាធារណៈរដ្ឋប្រជាមានិត្យចិន ក៏បានមកទស្សនកិច្ចនៅខេត្តសៀមរាប ដោយបាបជួបពិភាក្សាការងារ លើកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើនកាលពីថ្ងៃទី១៧ ឧសភាកន្លងមកផងដែរ។
បន្ថែមពីនេះ តាមរយៈរដ្ឋសភាជាតិកម្ពុជា លោក Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិនលើកទី១៤ នឹងដឹកនាំគណៈប្រតិភូសភាតំណាងប្រជាជនចិន មកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនេះ លោក Shohrat Zakir នឹងចូលជួបសម្តែងការគួរសម ជាមួយសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ជាមួយគ្នានេះ លោក Shohrat Zakir ក៏នឹងជួបពិភាក្សាការងារជាមួយលោក ជាម យៀប អនុប្រធានទី១រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
ជាផ្នែកនៃដំណើរទស្សនកិច្ច គណៈប្រតិភូនៃសភាតំណាងប្រជាជនចិន នឹងធ្វើទស្សនកិច្ចទៅកាន់ខេត្តសៀមរាប ដោយជួបពិភាក្សាការងារជាមួយអភិបាលខេត្តសៀមរាប និងទស្សនាប្រាសាទបុរាណដ៏គួរឱ្យស្ញប់ស្ញែង ក្នុងរមណីដ្ឋានបេតិកភណ្ឌវប្បធម៌ ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ដែលជាសក្ខីភាព នៃទំនាក់ទំនងវប្បធម៌យូរអង្វែងរវាងប្រជាជាតិទាំងពីរ។
ទស្សនកិច្ចនៅកម្ពុជានេះ គឺជាសកម្មភាពសម្រាប់ការសិក្សានិងអនុវត្តន៍ គំនិតការទូតរបស់លោកប្រធានាធិបតី Xi Jinping និងស្មារតីនៃសន្និសិទ ការងារកិច្ចការបរទេសមជ្ឈិមចិន ឱ្យបានស៊ីជម្រៅ ដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ធ្វើឱ្យមិត្តភាពកាន់តែស៊ីជម្រៅ និងបង្កើតការឯកភាពគ្នា និងជំរុញកិច្ចសហប្រតិបត្តិការ។
ក្រុងគុនមីងបានចូលរួមចំណែក ក្នុងការកសាងសហគមន៍រួមជោគវាសនាចិន-កម្ពុជាក្នុងយុគសម័យថ្មី និងជួយបន្តបង្កើតស្ថានភាពថ្មី នៅក្នុងវិស័យទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង។
ក្នុងដំណើរទស្សនកិច្ចនៅរាជធានីភ្នំពេញ លោក Liu Hongjian បានជួបជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ភាគីទាំងពីរ បានធ្វើការផ្លាស់ប្តូរស៊ីជម្រៅ លើការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការធ្វើឱ្យទំនាក់ទំនង ទីក្រុងបងប្អូនកាន់តែស៊ីជម្រៅ និងឈានដល់ការឯកភាពគ្នាមួយចំនួន។
ភាគីទាំងពីរបានបញ្ជាក់ថា ចាប់តាំងពីក្រុងគុនមីង និងរាជធានីភ្នំពេញ បានបង្កើតទំនាក់ទំនងទីក្រុងបងប្អូនបង្កើត ជាផ្លូវការក្នុងឆ្នាំ២០១១ មកទីក្រុងទាំងពីរបានផ្លាស់ប្តូរទស្សនកិច្ច ជាញឹកញាប់នៅគ្រប់កម្រិត ហើយការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការបានបន្តពង្រីកយ៉ាងស៊ីជម្រៅ និងលើវិស័យជាច្រើន ហើយទទួលបានលទ្ធផលជាផ្លែផ្កា។
ភាគីទាំងពីរសង្ឃឹមថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ការធ្វើឱ្យប្រសើរឡើងទីក្រុង ការការពារបរិស្ថាននិងវិស័យផ្សេងៗទៀត ជំរុញការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមករវាងភាគីទាំងពីរ ដើម្បីសម្រេចបានលទ្ធផលថ្មីៗជាបន្តបន្ទាប់៕
ផ្ដល់សិទ្ធិដោយ: Property Area