ក្រុមហ៊ុនចិនលំដាប់យក្សនៅកម្ពុជា គ្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចថ្មីនៅជិតអាកាសយានដ្ឋានសៀមរាប អង្គរ

ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ ក្រុមហ៊ុន Yunnan Investment Holding Group Co., Ltd (YIG) ជាក្រុមហ៊ុនវិនិយោគអាកាយានដ្ឋានអន្តរជាតិសៀមរាប- អង្គរ បានបង្ហាញពីបំណងវិនិយោគ ដើម្បីអភិវឌ្ឍតំបន់សេដ្ឋកិច្ច នៅជិតអាកាសយានដ្ឋានថ្មីមួយនេះ។

ការបង្ហាញព័ត៌មានខាងលើនេះ ធ្វើឡើងក្នុងពេលតំណាងរបស់ក្រុមហ៊ុនេះ អញ្ជើញមកទស្សនកិច្ចសិក្សា និងស្វែងយល់ពីសក្តានុពលវិនិយោគ ក្នុងវិស័យមួយចំនួននៅកម្ពុជា បន្ថែមលើការវិនិយោគដែលមានស្រាប់នៅកម្ពុជា និងជួបពិភាក្សាជាមួយ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ វិនិយោគកម្ពុជាកាលពីសប្តាហ៍មុន។

ក្នុងឱកាសនោះ លោកជា វុទ្ឋី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូក្រុមហ៊ុនYIG ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់ នៅកម្ពុជា ដើម្បីស្វែងយល់ ឱ្យកាន់តែច្បាស់អំពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា និងបានជម្រាបជូនពីស្ថានភាពវិនិយោគ ច្បាប់និងបទប្បញ្ញាត្តិពាក់ព័ន្ធ វិស័យដែលមានសក្តានុពល ការផ្តល់កិច្ចសម្រួ លវិនិយោគ និងបានធ្វើការកត់សម្គាល់ ពីកំណើនវិនិយោគចិនដោយផ្តើមចេញ ពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា-ចិន។

ជាការឆ្លើយតប លោក Lu Xiaolong បានថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចូលរួមជួយសម្របសម្រួល និងគាំទ្រគ្រប់បែបយ៉ាង ដល់គម្រោងអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ។

លោកប្រធានក្រុមហ៊ុន បានជម្រាបជូនអំពីបំណង នៃការជួបពិភាក្សា គឺដើម្បីស្វែងរកការគាំទ្រ ដល់គម្រោងវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ច នៅជិតអាកាសយានដ្ឋាន ហើយដែលការវិនិយោគនោះ គ្រោងនឹងផ្តោត លើសកម្មភាពបថមចំនួន៣ដូចជា ទី១-ការវិនិយោគថាមពលកកើតឡើងវិញ ដើរដោយពន្លឺព្រះអាទិត្យ, ទី២-ការវិនិយោគក្នុងវិស័យទេសចរណ៍ និង ទី៣-ការវិនិយោគក្នុងវិស័យកសិកម្ម។

លោកជា វុទ្ឋីបានសម្តែងនូវការគាំទ្រ ដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន ដែលគម្រោងវិនិយោគទាំងនេះ នឹងជួយចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ពិសេសការបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានជំរុញឱ្យភាគីចិន ជួយទាក់ទាញទេសចរ ឱ្យមកទស្សនាកម្ពុជាឱ្យបានច្រើន ពិសេសខេត្តសៀមរាប ព្រមទាំងបានលើកទឹកចិត្ត ឱ្យក្រុមហ៊ុនធ្វើការគិតគូរ ក្នុងការវិនិយោគកែច្នៃកសិផលកម្ពុជា ដើម្បីបម្រើឱ្យការផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក និងការនាំចេញ ជាពិសេស ការជំរុញការនាំចេញនៅនឹងកន្លែងតាមរយៈភ្ញៀវទេសចរដែលមកទស្សនាកម្ពុជា។

ក្រុមហ៊ុន YIG ជាក្រុមហ៊ុនវិនិយោគដ៍ធំមួយ ដែលមានសកម្មភាពក្នុងវិស័យដឹកជញ្ជូនផ្លូវដែក ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និងវិស័យថាមពលកកើតឡើងវិញ។ល។ ហើយក៏ជាម្ចាស់ភាគហ៊ុនធំនៃគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរផងដែរ៕


ផ្ដល់សិទ្ធិដោយ: Property Area