ការកើនឡើងអំណាចនៃការទិញ បានធ្វើឲ្យផ្សារទំនើបធំៗចំនួន២ របស់ថៃប្រកាសបើកសាខាបន្ថែមទៀតនៅកម្ពុជា

ដោយៈ គង់ សូរិយា
ភ្នំពេញៈ ផ្សារទំនើបធំៗរបស់ថៃចំនួន២ នឹងមកបើកសាខាបន្ថែមទៀតនៅកម្ពុជា ខណៈនៅក្នុងនោះផ្សារទំនើប Makro នឹងមកបើកសាខា៣បន្ថែមកម្ពុជា។ ចំណែកផ្សារទំនើប Big C វិញនាពេលបច្ចុប្បន្ននេះ កំពុងតែចាប់ផ្តើមសាងសង់ ទីតាំងថ្មី១កន្លែងទៀតផងដែរ។

ផ្សារទំនើបខ្នាតយក្ស១របស់ថៃ គឺ Makro បានបង្ហើបពីគោលបំណងដែលខ្លួន គ្រោងនឹងមកពង្រីក ផ្សារទំនើបចំនួន៣កន្លែងបន្ថែមទៀតនៅប្រទេសកម្ពុជា ក្រោយពីផ្សារទំនើបមួយនេះ ធ្លាប់បានបើកសាខាចំនួន៣កន្លែង កន្លងមកហៅនៅទីផ្សារស្រុកខ្មែរ។ នេះបើយោងតាមការចុះផ្សាយដោយភ្នាក់ងារសារព័ត៌មានរបស់ថៃ The National Thailand។

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា បច្ចុប្បន្ននេះផ្សារទំនើបខ្នាតយក្សម៉ាក្រូ មានសាខាចំនួន៣កន្លែងហើយនៅកម្ពុជា ដោយសាខាទី១ នៅក្នុងខេត្តសៀមរាប ចំណែកពីរសាខាទៀត គឺនៅរាជធានីភ្នំពេញ (នៅខណ្ឌសែនសុខ និងខណ្ឌជ្រោយចង្វារ) ហើយនៅឆ្នាំ ២០២៦ ខាងមុខនេះ ផ្សារម៉ាក្រូនឹងបើក ៣ទីតាំងបន្ថែមទៀតនៅកម្ពុជា។

ចំណែកផ្សារទំនើប Big C កាលពីចុងឆ្នាំ២០២៣ កន្លងទៅ ក្រុមហ៊ុន វិនិយោគទុនអនិកជនកម្ពុជា ហៅកាត់ (OCIC) និងក្រុមហ៊ុន BJC របស់ថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការអភិវឌ្ឍន៍ផ្សារទំនើប Big C ទំហំ២.៧ហិកតា ដែលមានទីតាំងស្ថិតនៅរង្វង់មូលសុវណ្ណមច្ឆា ក្នុងទីក្រុងរណបជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្រាប់គម្រោងផ្សារទំនើបថ្មីនេះដែរ ក្រុមហ៊ុន BJC បានដាក់ទុនវិនិយោគ ក្នុងទំហំទឹកប្រាក់សរុបរហូតដល់៥០លានដុល្លារ។ បើតាមការគ្រោងទុកផ្សារទំនើប Big C នេះត្រូវបានគេរំពឹងថា នឹងបើកដំណើរការក្នុងចន្លោះរយៈពេលពី១៨ ទៅ២៤ខែ គិតចាប់ពីពេលចាប់ផ្តើមសាងសង់។

កន្លងមកនេះ Big C បានដំណើរការផ្សារទំនើបទី១ របស់ខ្លួននៅក្រុងប៉ោយប៉ែតរួចមកហើយ។ ដោយក្នុងនោះក៏មាន Big C Mini ចំនួន២០ នៅរាជធានីភ្នំពេញ និងខេត្ដកំពត ហើយ Big C ក៏គ្រោងនាំយកយីហោរបស់ខ្លួន ទៅខេត្តបាត់ដំបងផងដែរ៕

ផ្ដល់សិទ្ធិដោយ: Property Area