តើវិស័យធនាគារ និងហិរញ្ញវត្ថុ ដើរតួនាទីសំខាន់យ៉ាងណាខ្លះសម្រាប់សេដ្ឋកិច្ចជាតិ?

ដោយៈ ម៉ាលីនណា
ភ្នំពេញៈ តើវិស័យធនាគារដើរតួនាទីសំខាន់យ៉ាងដូចម្តេច សម្រាប់ជម្រុញកំនើនសេដ្ឋកិច្ចជាតិ ហើយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបច្ចុប្បន្នមានគ្រប់គ្រាន់ឬនៅ?

វិស័យធនាគារ និងហិរញ្ញវត្ថុត្រូវបានចាត់ទុកថា ជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជួយជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ដ្បិតថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានសារសំខាន់ណាស់ ក្នុងការចរាចរមូលនិធិពី អ្នកសន្សំទៅអ្នកវិនិយោគ ដោយសម្រួលដល់ពាណិជ្ជកម្ម និងបង្កើនផលិតភាព ក្នុងចរន្តសេដ្ឋកិច្ចលើគ្រប់វិស័យ។

តាមរយៈសារសំខាន់ទាំងនេះ តើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបច្ចុប្បន្ន មានគ្រប់គ្រាន់ហើយឬនៅ សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ?

វិស័យធនាគារ

លោកស្រី ម៉ារ អមរ៉ា អនុប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដាបានមានប្រសាសន៍ថា វិស័យធនាគារ និងហិរញ្ញវត្ថុ ពិតជាដើរតួនាទីយ៉ាងសំខាន់ខ្លាំងណាស់ ក្នុងការជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ដែលអាចចាត់ទុកបានថា ជាឆ្អឹងខ្នងសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

តួយ៉ាង គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានសារៈសំខាន់ណាស់ក្នុងការចរាចរមូលនិធិពីអ្នកសន្សំ ទៅអ្នកវិនិយោគ ដោយសម្រួលដល់ពាណិជ្ជកម្ម និងបង្កើនផលិតភាព ក្នុងចរន្តសេដ្ឋកិច្ចលើគ្រប់វិស័យ។

លោកស្រី ម៉ារ អមរ៉ាបានបន្តថា បច្ចុប្បន្នប្រទេសកម្ពុជាមានគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុប្រមាណ១៥០គ្រឹះស្ថាន តែអ្នកជំនាញរូបនេះយល់ឃើញថា ហាក់ដូចជានៅមិនទាន់មានចំនួនគ្រប់គ្រាន់ដ៏មានប្រសិទ្ធភាពនៅឡើយទេ។

ជាពិសេសតួអង្គដែលមានសក្ដានុពលធំធេង និងកេរ្ដិ៍ឈ្មោះនិងការទទួលស្គាល់ ជាលក្ខណៈថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ សម្រាប់ធានាបាននូវភាពប្រកួតប្រជែងកាន់តែល្អប្រសើរជាលំដាប់ និងឧត្តមភាពនៃការសហការគ្នា ភាពរឹងមាំ ភាពធន់ ស្ថិរភាព និងចីរភាព ដើម្បីរួមចំណែកបានកាន់តែច្រើនជាងមុន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍នៃបរិវត្តកម្មឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល ឧស្សាហកម្ម ៤.០ និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ផ្ដល់សិទ្ធិដោយ: Property Area