វិស័យអចលនទ្រព្យ និងសំណង់នៅទីក្រុងហូជីម៉ិញបានស្ទុះងើបឡើងវិញហើយ

ដោយ: គង់ លាងហួរ


អន្តរជាតិ: យោងតាមនាយកដ្ឋានធនធានធម្មជាតិ និងបរិស្ថាន បានឱ្យដឹងថា ចំនួនប្រតិបត្តិការអចលនទ្រព្យ នៅក្នុងទីក្រុងហូជីមិញ បានកើនឡើង ក្នុងអត្រាប្រចាំឆ្នាំ១៣ភាគរយ ដល់ជាង១២០.០០០ប្រតិបត្តិការ នៅក្នុងរយៈពេល៤ខែដំបូងដើមឆ្នាំនេះ។


ប្រតិបត្តិការភាគច្រើនបានធ្វើឡើង នៅក្នុងតំបន់ចំនួន៤ ដែលមិនស្ថិតនៅជិតទីប្រជុំជន ដូចជា តំបន់ Thu Duc និងតំបន់ Districts 12 ព្រមទាំងតំបន់ Binh Tan និងតំបន់ Cu Chi។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Vnexpress។


លោក Nguyen Toan Thang ប្រធាននាយកដ្ឋានធនធានធម្មជាតិ និងបរិស្ថាន បានលើកឡើងថា “និន្នាការនេះប្រហែលជាបណ្តាល មកពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់ទាំង៤ខាងលើ ដែលបានទាក់ទាញការវិនិយោគ កាន់តែច្រើននាពេលថ្មីៗនេះ”។


ប្រតិបត្តិការទាំងនេះ បានជួយរួមចំណែកបង្កើនប្រាក់ចំណូលរបស់ទីក្រុងហូជីមិញ។
ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ទីក្រុងហូជីមិញបានទទួលថ្លៃសេវាជាង ២,៥ទ្រីលានដុង (ប្រមាណ៩៨,៤លានដុល្លារអាមេរិក) ពីការចុះបញ្ជីដីធ្លី និងការចេញលិខិតបញ្ជាក់សិទ្ធិប្រើប្រាស់ដីធ្លី កើនឡើង៥២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។


លោក Thang បានបន្តថា ចំនួនប្រតិបត្តិការអចលនទ្រព្យអាចនឹងស្ថិតនៅត្រឹមចំនួន១០០.០០០ប្រតិបត្តិការ នៅក្នុងត្រីមាសទីពីរ។ យោងតាមការិយាល័យស្ថិតិបានឱ្យដឹងថា វិស័យសេវាកម្មអចលនទ្រព្យបានដំណើរការយ៉ាងល្អ ដោយសម្រេចបានទំហំប្រាក់ចំណូលចំនួន៨០,៨ទ្រីលានដុង កើនឡើង១០ភាគរយ។


ជាមួយគ្នានេះ ការវិនិយោគក៏កំពុងហូរចូល ទៅក្នុងវិស័យអចលនទ្រព្យបន្ថែមទៀតផងដែរ ដោយដើមទុនចុះបញ្ជីរបស់អាជីវកម្មអចលនទ្រព្យថ្មីបានកើនឡើង១៤៦% ដល់ទំហំទឹកប្រាក់២៤ទ្រីលានដុងនៅក្នុងរយៈពេល៤ខែដើមឆ្នាំនេះ។


យោងតាមនាយកដ្ឋានសំណង់ទីក្រុងហូជីមិញ បានឲ្យដឹងថា ការស្ទុះងើបឡើងវិញ នៃទីផ្សារអចលនទ្រព្យ ក៏បានជំរុញឲ្យតម្រូវការសំណង់កើនឡើងផងដែរ។


គិតត្រឹមចុងខែមេសា នាយកដ្ឋានបានចេញលិខិតអនុញ្ញាតសាងសង់ជាង៥.៧០០លិខិត ដែលកើនឡើង៨% បើធៀបនឹងឆ្នាំមុន សម្រាប់ផ្ទៃដីសរុបចំនួន១,៣លានម៉ែត្រការ៉េ៕

ប្រភព: Vnexpress / ផ្ដល់សិទ្ធិដោយ: Property Area