ដោយៈ គង់ ម៉ាលីនណា
តូក្យូៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមជំនួបជាមួយ លោក Ishiguro Norihiko ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ក្នុងគោលបំណងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការចំពោះមុខរវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង JETRO ក្នុងការទាក់ទាញ និងជំរុញវិនិយោគនៅកម្ពុជា។
មានប្រសាសន៍ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះJETRO សម្រាប់ការជួយគាំទ្រដល់សកម្មភាពជំរុញ និងទាក់ទាញវិនិយោគនានា ដែលផ្តួចផ្តើមឡើងដោយកម្ពុជា។
ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីមិត្តអំពីវឌ្ឍនភាព នៃការដោះស្រាយបញ្ហានានា ដែលលើកឡើងដោយក្រុមហ៊ុនជប៉ុន ក្នុងអំឡុងកិច្ចប្រជុំនៃគណៈកម្មាធិការចម្រុះកម្ពុជា- ជប៉ុន ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុនស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ។
លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល បានស្នើភាគីមិត្តឱ្យបន្តផ្តល់កិច្ចសហការបន្ថែម សំដៅពន្លាតវិសាលភាព នៃកិច្ចសហប្រតិបត្តិការលើ កិច្ចការវិនិយោគឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយ ជាពិសេសការចែករំលែកបទពិសោធន៍ អំពីការរៀបចំមជ្ឈមណ្ឌលផ្តល់កិច្ចសម្រួលធុរកិច្ចដែល JETRO បានរៀបចំយ៉ាងជោគជ័យ សំដៅធ្វើឱ្យប្រសើរឡើង នូវគុណភាពនៃការផ្តល់កិច្ចសម្រួល វិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យកាន់តែល្អមួយកម្រិតទៀត។
ជាការឆ្លើយតប លោកប្រធាន JETRO បានសម្តែងនូវសេចក្តីសាទរសម្រាប់ភាពជោគជ័យ នៃដំណើរបេសកកម្មគោះទ្វារវិនិយោគិន ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រីមកកាន់ប្រទេសជប៉ុន។
ក្នុងស្មារតីនេះ លោកប្រធានបានឯកភាព ជាគោលការណ៍តាមសំណើរបស់ភាគីកម្ពុជា និងបង្ហាញក្តីសង្ឃឹមថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គម្រោងវិនិយោគជប៉ុនដែលកំពុងមានអត្ថិភាពនៅកម្ពុជា នឹងបន្តពង្រីកខ្លួនជាលំដាប់ ហើយវិនិយោគិនជប៉ុន ដែលមានបំណងពង្រីកទីផ្សាររបស់ខ្លួន នឹងជ្រើសយកកម្ពុជា ជាទីតាំង សម្រាប់ការបណ្តាក់ទុនវិនិយោគនាពេលអនាគត៕
ផ្ដល់សិទ្ធិដោយ: Property Area