កម្ពុជានាំចេញកសិផលសម្រេចបានទំហំទឹកប្រាក់ជាង ២៣០០លានដុល្លារអាមេរិក

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ ពាណិជ្ជករកម្ពុជា បាននាំចេញកសិផលទៅទីផ្សារក្រៅប្រទេស នៅក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៤ នេះ, មានបរិមាណសរុបជិត៥.៣លានតោន គិតជាទំហំទឹកប្រាក់ត្រូវប្រមាណ២៣៥៧ លានដុល្លារអាមេរិក។


អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញរបាយការណ៍ នៃការនាំចេញកសិផលរបស់កម្ពុជា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤ នេះ, ក្នុងនោះសម្រាប់ការនាំចេញកសិផលរបស់កម្ពុជាទៅក្រៅប្រទេស មានបរិមាណសរុបជាង៥.៣ លានតោន កើនឡើងប្រមាណជាង៧៤ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ក្នុងនោះការនាំចេញអង្ករចំនួនជាង២៤ម៉ឺនតោន, ស្រូវជាង១.៧លានតោន និងការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួនជាង៣.៣លានតោន ដោយកម្ពុជាបាននាំចេញទៅកាន់ទីផ្សារ ដែលជាដៃគូរមានចំនួន៧២ប្រទេស។


ការនាំចេញផលិតផលក្នុងវិស័យកសិកម្ម នៅក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤ នេះ មានការកើនឡើងចំនួន ប្រមាណ២,២លានតោន បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ក្នុងនោះកសិផលដែលបានចូលរួមចំណែកជំរុញដល់កំណើន នាំចេញខ្ពស់រួមមាន៖ អង្ករ ដំឡូងមីស្រស់ ម្សៅដំឡូងមី គ្រាប់ពោត ផ្លែមៀនស្រស់ ផ្លែស្វាយស្រស់ និងម្រេចជាដើម៕

ផ្ដល់សិទ្ធិដោយ: Property Area