អតិថិជនស្វែងរកកម្ចី បានកើនឡើងជិត ៤ភាគរយ នៅត្រីមាសទី១ ឆ្នាំនេះ

ដោយៈ និស្ស័យ

ភ្នំពេញៈ ការិយាល័យឥណទានកម្ពុជា(CBC)បានឲ្យដឹងថា ប្រជាពលរដ្ឋកម្ពុជា សាកសួរព័ត៌មានដើម្បីស្វែងរកឥណទាន ឬកម្ចីបានកើនឡើង៣,៨៧ភាគរយនៅត្រីមាសទី១ឆ្នាំនេះ។

ក្នុងចំណោមអ្នកសារសួរព័ត៌មានទាំងនោះ មានប្រជាជនចាប់អារម្មណ៍ខ្លាំងបំផុតលើកម្ចីកសិកម្ម ដែលកើនឡើង៩ភាគរយ ក្នុងការសាកសួរពីប្រាក់កម្ចី បន្ទាប់មកការកើនឡើង៤ភាគរយ នៅក្នុងការសាកសួរពីប្រាក់កម្ចីបង្វិលដើមទុន។

CBC បានឲ្យដឹងទៀតថា ការសាកសួរខ្ពស់បំផុតលើកម្ចីទុនបង្វិលគឺសម្រាប់ត្រីមាសទីមួយ និងត្រីមាសទីបីនៃឆ្នាំ២០២៣ ស្របពេលនឹងរដូវដាំដុះ ខណៈដែលកសិករ និងអ្នកផ្សេងទៀតត្រូវចំណាយដើមទុនកាន់តែច្រើន។

ទោះជាយ៉ាងណាទិន្នន័យបានបង្ហាញផងដែរថា នៅក្នុងត្រីមាសទី១ មានការថយចុះយ៉ាងខ្លាំង១២ ភាគរយនៃប្រាក់កម្ចី សម្រាប់ការផ្តល់ហិរញ្ញប្បទានទ្រព្យសកម្ម។ ហើយមានតែកំណើនតែ២ភាគរយប៉ុណ្ណោះ បានសាកសួរប្រាក់កម្ចី សម្រាប់គោលបំណងសាងសង់សំណង់។

របាយការណ៍របស់CBCបានឲ្យដឹងទៀតថា មានតម្រូវការកម្ចីទុនបង្វីលច្រើននៅតំបន់ឆ្នេរ និងតំបន់ខ្ពង់រាបនៃប្រទេសកម្ពុជា បើ ធៀបទៅនឹងតំបន់វាលទំនាប និងអាងទន្លេសាប។ នៅពេលនិយាយអំពីកសិកម្ម និងសំណង់ តំបន់ខ្ពង់រាប និងទន្លេរសាប មានការសាកសួរពីប្រាក់កម្ចីច្រើនជាងពីតំបន់ឆ្នេរ និងវាលទំនាប៕

ផ្ដល់សិទ្ធិដោយ: Property Area