ចំណេះដឹងថ្មីៈ តើប្រព័ន្ឋបញ្ជរតែមួយជាតិមានសារៈសំខាន់បែបណាសម្រាប់វិស័យឯកជន និងរដ្ឋាភិបាល?

ដោយៈ គង់ សូរិយា

ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានលើកឡើង ពីសារៈសំខាន់របស់ប្រព័ន្ឋ “បញ្ជរតែមួយជាតិ” ដែលជាការឆ្លុះបញ្ចាំង ពីសមិទ្ឋផល និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល។


សម្តេចធិបតីបានថ្លែង ក្នុងពិធីសម្ភោធដាក់ឲ្យដំណើរការ“ប្រព័ន្ធបញ្ជរតែមួយជាតិ” កាលពីព្រឹកថ្ងៃទី៧ ឧសភាថា “វាជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅកម្ពុជា”។


តើអ្វីជាប្រព័ន្ឋបញ្ជរជាតិតែមួយ? “ប្រព័ន្ធបញ្ជរតែមួយជាតិ” នឹងអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើសុំ អាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និងឯកសារតម្រូវផ្សេងទៀត ពាក់ព័ន្ធការនាំ ចេញ-នាំចូលទំនិញ ទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ច តែមួយលើករួមគ្នា ដើម្បីទទួលបានការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញ បែបបទបញ្ចេញទំនិញពីគយ តាមមធ្យោបាយអេឡិចត្រូនិក។


សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ប្រព័ន្ធដ៏មានសារៈសំខាន់នេះ ឆ្លុះបញ្ចាំងឲ្យឃើញអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ក្នុងការធ្វើឲ្យកាន់តែប្រសើរនូវបរិយាកាសធុរកិច្ច ការវិនិយោគនៅកម្ពុជា”។


សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាល តែងកំណត់ការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម ជាអាទិភាពដ៏ចម្បងមួយ ដោយបានដាក់ចេញនូវគោលនយោបាយ, យុទ្ធសាស្ត្រ កម្មវិធី និងវិធានការកែទម្រង់ ព្រមទាំងបទដ្ឋានគតិយុត្តសម្រាប់កែលម្អការ-អនុវត្តជាក់ស្ដែង ជាបន្តបន្ទាប់។


សម្ដេចធិបតីបានបន្តថា ការដាក់ឲ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនាថ្ងៃនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការកែលម្អបរិយាកាសធុរកិច្ច និងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព, តម្លាភាព, ប្រសិទ្ធភាព និងការជឿទុកចិត្តពីសំណាក់វិនិយោគិន និងធុរជន។


ម៉្យាងទៀត គឺជាការបង្ខិតសេវាសាធារណៈ ទៅជិតអ្នកប្រើប្រាស់ តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងថ្នាលបច្ចេកវិទ្យាក្នុងការផ្តល់សេវា សាធារណៈ ដើម្បីសម្រួលនីតិវិធី, កាត់បន្ថយពេល និងចំណាយពាក់ព័ន្ធផ្សេងៗ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានយល់ឃើញថា សមិទ្ធផលនេះជាការបន្តជំរុញការកែទម្រង់ស៊ីជម្រៅ និងការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ដើម្បីបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងចំណូល និងបង្កើតការប្រកួតប្រជែងដោយស្មើភាព ក្នុងការធ្វើធុរកិច្ច និងការវិនិយោគ និង ដើម្បីកាត់បន្ថយបន្ទុកចំណាយ លើការបំពេញតាមកាតព្វកិច្ច និង នីតិវិធីសារពើរពន្ធ”។


ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាតួអង្គដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ដែលធ្វើឲ្យកិច្ចសម្រួលពាណិជ្ជកម្មរបស់យើង កាន់តែមានប្រសិទ្ធភាព និងមានលទ្ធភាពតភ្ជាប់ ទៅនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថល សម្រាប់ធុរកិច្ចផ្សេងទៀត ក្នុងតំបន់ និង លើសកលលោក។


ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើវិស័យឯកជនចូលរួមប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ ឱ្យបានជាអតិបរមាពីប្រព័ន្ធបញ្ជរតែមួយជាតិនេះ និងចូលរួមផ្តល់មតិយោបល់ សម្រាប់ការកែលម្អឱ្យកាន់តែប្រសើរ នេះជាកិច្ចការធំ ដែលហៅថាភាពជាដៃគូរវាងរដ្ឋ និងឯកជន ដោយជួយគិតគូរ ជួយធ្វើ ជួយទទួលខុសត្រូវ។


សម្តេចធិបតិបានមានប្រសាសន៍ សំដៅដល់វិស័យឯកជនថា “សូមវិស័យឯកជនចូលរួមប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា ពីប្រព័ន្ធបញ្ជរតែមួយជាតិនេះ និងចូលរួមផ្តល់មតិយោបល់ សម្រាប់ការកែលម្អឱ្យកាន់តែប្រសើរ”។


សម្តេចបញ្ជាក់ថា “កិច្ចការងារនេះជាកិច្ចការធំ ដែលខ្ញុំចង់បាន ដែលយើងដាក់អភិក្រមភាព ខ្ញុំហៅថាភាពជាដៃគូរវាងរដ្ឋ និងឯកជន ជួយគិតគូរ ជួយធ្វើ ជួយទទួលខុសត្រូវ”។


សម្រាប់វិស័យឯកជន ក៏នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ ដូចជា៖ ចំណេញ ពេល ព្រមទាំងការកាត់បន្ថយចំណាយ។ ជាពិសេសការកាត់បន្ថយការិយាធិបតេយ្យ ក្នុងការរត់ការឆ្លងកាត់ពី ក្រសួង-ស្ថាប័នមានសមត្ថកិច្ចមួយ ទៅមួយទៀត ពាក់ព័ន្ធនឹងការស្នើ សុំអាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និង ឯកសារតម្រូវផ្សេងៗ, សម្រាប់ការនាំចេញ-នាំចូលទំនិញ។


លើសពីនេះ ប្រតិបត្តិករនៃវិស័យឯកជន ក៏អាចប្រើប្រាស់ឡើង វិញនូវទិន្នន័យក្នុងប្រព័ន្ធ សម្រាប់ជាប្រយោជន៍ក្នុងការគ្រប់គ្រងទិន្នន័យរបស់ខ្លួន ឱ្យបានទាន់ពេល មានសង្គតិភាព និងមានភាពច្បាស់លាស់ផងដែរ។


សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងទៀតថា ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការកែលម្អបរិយាកាសធុរកិច្ច និងការជំរុញសកម្មភាពពាណិជ្ជកម្ម នៅកម្ពុជា សំដៅលើកកម្ពស់គុណភាព តម្លាភាព ប្រសិទ្ធភាព និងការជឿទុកចិត្តពីសំណាក់វិនិយោគិន និងធុរជន។


ម៉្យាងទៀត គឺជាការបង្ខិតសេវាសាធារណៈ ទៅជិតអ្នកប្រើប្រាស់ តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងថ្នាលបច្ចេកវិទ្យា ក្នុងការផ្តល់សេវាសាធារណៈ ដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេល និងចំណាយពាក់ព័ន្ធផ្សេងៗ៕

ផ្ដល់សិទ្ធិដោយ: Property Area