ដោយៈ គង់ សូរិយា
ភ្នំពេញៈលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Paul Clement ប្រធានសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសកិច្ចប្រជុំនោះ លោកប្រធានសភាពាណិជ្ជកម្មបានជម្រាបជូន លោកឧបនាយករដ្ឋមន្ត្រីអំពីបេសកកម្មរបស់ IBC ដែលបានចាប់ផ្តើមនៅកម្ពុជាតាំងពី៣១ឆ្នាំមុន និងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការចូលរួមយ៉ាងសកម្មរបស់ពួកគេ នៅក្នុងក្រុមការងារ “ឃ” នៃវេទិការាជរដ្ឋាភិបាល និងឯកជនលើកទី១៩។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក៏បានបង្ហាញអំពីទិសដៅការងារ និងផែនការសកម្មភាព របស់សភាពាណិជ្ជកម្មអន្តរជាតិ នៃកម្ពុជារួមមាន ការបង្កើតឱកាសឱ្យសមាជិក សភាពាណិជ្ជកម្មផ្សេងៗនៅក្នុងប្រទេសកម្ពុជារួមមាន សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអាមេរិកជាដើម មានឱកាសប្រាស័យទាក់ទងគ្នា ដើម្បីជំរុញចល នាទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅប្រទេសកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល បានមានប្រសាសន៍ជម្រាបជូនជាសង្ខេប អំពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តរបស់កម្ពុជា តភ្ជាប់ទន្លេកម្ពុជា ទៅកាន់សមុទ្រដោយផ្ទាល់។
លោកបានបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបានធ្វើការសិក្សាយ៉ាងលម្អិត ដោយក្រុមការងារបច្ចេកទេស និងទីប្រឹក្សាអន្តរជាតិចំនួន៤៨នាក់ ដោយប្រើប្រាស់ស្តង់ដារ និងបច្ចេកវិទ្យាអន្តរជាតិរួមមាន ដ្រូន និងផ្កាយរណបក្នុងការសិក្សានេះ។ ជាលទ្ធផល គម្រោងនេះគឺមិនមានផលប៉ះពាល់អវិជ្ជមាន ដល់បរិស្ថានកម្ពុជា និងប្រទេសជិតខាងនោះទេ ប៉ុន្តែបានផ្តល់អត្ថប្រយោជន៍ ដល់សកលលោកទាំងមូលផងដែរ ដោយបានចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ទៅក្នុងបរិយាកាសដោយសារចម្ងាយ ការធ្វើនាវាចរណ៍មានរយៈប្រវែងខ្លីជាងមុន។
បន្ថែមពីនេះ ឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញពីការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគ ដើម្បីបង្កើនភាពងាយស្រួលជូនដល់វិនិយោគិន ក្នុងការចុះបញ្ជីគម្រោងវិនិយោគ។ ជាពិសេសការធ្វើបរិវត្តកម្មឌីជីថលនេះ នឹងផ្តល់លទ្ធភាពឱ្យវិនិយោគិនទទួលបាននូវព័ត៌មានគន្លឹះផ្សេងៗ និងផ្តល់ភាពងាយស្រួលលើនីតិវិធីរដ្ឋបាលជូនដល់វិនិយោគិន សំដៅធ្វើយ៉ាងណាឱ្យវិនិយោគិនអាចចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនបានលឿនរហ័ស។
ជាចក្ខុវិស័យវែងឆ្ងាយ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីទិសដៅ ក្នុងការរៀបចំឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្លាយជាស្ថាប័នផ្តល់ការប្រឹក្សាយោបល់កម្រិតខ្ពស់ ជូនដល់វិនិយោគិន ជាមួយនឹងព័ត៌មានគន្លឹះៗសំខាន់របស់កម្ពុជា ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់និងច្បាស់លាស់ មុននឹងសម្រេចចិត្តបណ្តាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា៕