តើលោកស៊ុន ចាន់ថុល ពន្យល់បែបណាទៅកាន់ទូរទស្សន៍ដ៏ល្បីអាមេរិក CNBC ទាក់ទងគំរោងព្រែកជីកហ្វូណនតេជោ

ដោយ: គង់ លាងហួរ

ភ្នំពេញ: គម្រោងព្រែកជីកហ្វូណន -តេជោដែលមានប្រវែង១៨០គីឡូម៉ែត្រ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ ពីសំណាក់ក្រុមអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិចំនួន៤២រូប ដោយប្រើប្រាស់បច្ចេកទេស ដែលទទួលស្គាល់ដោយស្តង់ដារអន្តរជាតិ។

ជាលទ្ធផល ការសិក្សាបង្ហាញថា គម្រោងដែលមានតម្លៃវិនិយោគប្រមាណ ១៧០០លានដុល្លារអាមេរិកនេះ អាចដំណើរការទៅបានដោយគ្មានបង្ក ជាផលប៉ះពាល់ដល់បរិស្ថាន ឬលំហូរទឹករវាងទន្លេមេគង្គ និងសមុទ្រនោះទេ។

នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ដ៏ល្បីរបស់អាមេរិក CNBC លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអះអាងថា ព្រែកជីកនេះនឹងអនុញ្ញាតឱ្យនាវាចំណុះ៣ពាន់តោន អាចធ្វើចរាចរណ៍បាន ដែលនឹងផ្តល់ផលចំណេញសេដ្ឋកិច្ចចន្លោះពី២១% ទៅ៣០% រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀត។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល គូសបញ្ជាក់ថា គម្រោងព្រែកជីក ដែលមានប្រវែង១៨០គីឡូម៉ែត្រនេះ ពុំមែនមានន័យថា កម្ពុជានឹងជីកព្រែកថ្មី ទាំងស្រុងប្រវែង១៨០គីឡូម៉ែត្រឡើយ ដោយហេតុថា ព្រែកជីកនេះគឺជាព្រែកជីកដែលមានស្រាប់ ហើយត្រូវបានប្រើប្រាស់ប្រមាណ២០០០ឆ្នាំកន្លងទៅហើយ”។

លោកបន្តថា “អ្វីដែលកម្ពុជាអនុវត្តន៍នៅក្នុងគម្រោងនេះ គឺពង្រីកទំហំទទឹង និងធ្វើឱ្យកាន់តែជ្រៅជាងមុន ដើម្បីអាចអនុញ្ញាតឱ្យនាវាធំៗចំណុះ៣.០០០តោន អាចធ្វើចរាចរណ៍ដោយត្រង់ពីរាជធានីភ្នំពេញ ទៅកាន់សមុទ្រខេត្តកែប”។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអះអាងផងដែរថា ការអភិវឌ្ឍន៍គម្រោងនេះ មិនមានបច្ច័យប៉ះពាល់ដល់បរិស្ថាន នៅកម្ពុជា ឬបរិស្ថានឆ្លងកាត់ព្រំដែនវៀតណាម ហើយវាក៏មិនបានធ្វើឱ្យប៉ះពាល់ដល់លំហូរទឹករបស់ទន្លេមេគង្គនោះដែរ ព្រោះថាការសាងសង់ព្រែកជីកនេះ កម្ពុជានឹងប្រើបច្ចេកទេស និងបច្ចេកវិទ្យាទំនើបមិនឱ្យទឹកសាបហូរចូលទឹកប្រៃ ឬទឹកប្រៃហូរចូលទឹកសាបនោះទេ។

បន្ថែមពីនេះ លោក ស៊ុន ចាន់ថុល បានច្រានចោលចំពោះការចោទប្រកាន់មួយចំនួនដែលថា គម្រោងនេះនឹងធ្វើឱ្យប៉ះពាល់ដល់លំហូរទឹកពីទន្លេមេគង្គទៅសមុទ្រ និងថាគម្រោងនេះអភិវឌ្ឍន៍ឡើងដើម្បីបម្រើឱ្យនាវារបស់យោធាចិនជាដើម។ ត្រង់ចំណុចនេះ លោកបានបកស្រាយថា “រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមានយោធាបរទេស ណាមួយនៅលើទឹកដីកម្ពុជា នោះឡើយ”។

មន្រ្តីជាន់ខ្ពស់រូបនេះបន្តថា ព្រែកជីកនេះមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្ដល់ផលប្រយោជន៍ដល់តំបន់ និងពិភពលោកផងដែរ ព្រោះកម្ពុជានឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយការជន់លិច នៅភាគខាងត្បូងប្រទេស ព្រមទាំងធ្វើឱ្យប្រសើរឡើង និងលើកកម្ពស់ការតភ្ជាប់បៃតងតាមកំពង់ផែទឹកសាប ទៅកាន់កំពង់ផែសមុទ្រនៅកម្ពុជា និងការតភ្ជាប់ជាមួយតំបន់អាស៊ានជាដើម។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា តាមរយៈគម្រោងនេះ វានឹងជួយកាត់បន្ថយការបំភាយឧស្ម័ន ផ្ទះកញ្ចក់ទៅក្នុងបរិស្ថាន និងកាត់បន្ថយថ្លៃដើមភស្តុភារកម្ម និងធ្វើឱ្យការវិនិយោគនៅកម្ពុជា កាន់តែមានភាពប្រសើរឡើង ដែលនឹងផ្ដល់ផលចំណេញដល់សេដ្ឋកិច្ច ហើយជីវភាពរបស់ពលរដ្ឋជាង១,៦លាននាក់ ដែលរស់នៅតាមបណ្ដោយព្រែកជីកនេះ ក៏នឹងមានភាពប្រសើរឡើងផងដែរ៕

ប្រភព: CNBC៕