ទីផ្សារជួលអចលនទ្រព្យបន្តស្ថិតក្នុងសភាពទ្រឹង ស្របពេលតម្លៃធ្លាក់ចុះ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមអ្នកជំនាញដែលជាប្រតិបត្តិករ ក្នុងវិស័យអចលនទ្រព្យបានលើកឡើងស្រដៀងគ្នាថា ទីផ្សារជួលលំនៅដ្ឋាន ទីតាំងអាជីវកម្មនានា បន្តស្ថិតក្នុងសភាពទ្រឹង ខណៈតម្លៃជួលបន្តធ្លាក់ចុះ។

លោកស្រីតាំង ហួរ អគ្គនាយិកាក្រុមហ៊ុន Amatak Property Service, Co, Ltdបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១ ឧសភាថា ស្ថានភាពទីផ្សារនៅតែមានការជួលរប៉េះរប៉ោះ ប៉ុន្តែមិនមានសញ្ញាប្រសើរឡើងនៅឡើយទេ ហើយអ្នកជួលនៅតែស្វែងរកទីតាំងជួល ដែលមានតម្លៃទាបជាងទីផ្សារ។ លោកស្រីបន្តថា “ក្នុងស្ថានភាពបែបនេះ ទីតាំងដែលមានភាពអំណោយផលសម្រាប់អាជីវកម្ម មានការចាប់អារម្មណ៍ ប៉ុន្តែអ្នកជួលនៅតែស្វែងរកអចលនទ្រព្យ ដែលមានតម្លៃក្រោមទីផ្សា”។ លោកស្រីតាំង ហួរបានបន្តថា យ៉ាងណាស្ថានភាពនៅដើមត្រីមាសទី២នេះ អ្វីៗមានសញ្ញាប្រសើរខ្លះៗ ធៀបនឹងចុងឆ្នាំ២០២៣កន្លងមកនេះ ហើយយើងសង្ឃឹមអ្វីៗនឹងកាន់តែប្រសើរឡើង។ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនAdvance Real Estateបានមានប្រសាសន៍ឲ្យដឹងផងដែរថា ស្របពេលសេដ្ឋកិច្ចនៅមិនទាន់មានភាពអំណោយផល ទីផ្សារជួលនៅតែស្ថិតក្នុងសញ្ញាមិនច្បាស់លាស់។លោកបន្តថា “ទីតាំងជួលជាការកំណតទីផ្សារ ហើយតម្លៃជួលក៏ស្ថិតក្រោមសម្ពាធរបស់អ្នកស្វែងរកទីតាំងផងដែរ”។ លោកបន្តថា “បច្ចុប្បន្ន អ្នកស្វែងរកទីតាំងជួលមានជម្រើសច្រើន ដោយសារអចលនទ្រព្យ ដែលបានដាក់ចូលទីផ្សារកាន់តែច្រើន បានដាក់ចូលទីផ្សារ”។លោកបានបន្តទៀតថា សម្រាប់តម្លៃជួលនាពេលបច្ចុប្បន្ននេះ ទីផ្សារបច្ចុប្បន្ន មិនទាន់អំណោយផលដល់អចលនទ្រព្យ ដែលមានតម្លៃខ្ពស់ៗនៅឡើយ៕