ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមអ្នកជំនាញលើកឡើងថា នៅពេលគម្រោងព្រែកជីកហ្វូណន-តេជោត្រូវបានសាងសង់បញ្ចប់រួចរាល់ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាអតិបរមាលើការដឹកជញ្ជូនតាមផ្លូវទឹក និងកាត់បន្ថយសម្ពាធពន្ធ។
ថ្លែងក្នុងសន្និសីទលើកដំបូងរបស់សមាគមឧកញ៉ាកម្ពុជាកាលពីថ្ងៃសុក្រ សប្តាហ៍មុន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងពីអត្ថប្រយោជន៍សំខាន់ៗចំនួន៤ ដែលកម្ពុជានឹងទទួលបានពីគម្រោងព្រែកជីកនេះ រួមមាន អត្ថប្រយោជន៍សេដ្ឋកិច្ចក្នុងវិស័យដឹកជញ្ជូន វារីវប្បកម្ម កែលម្អប្រព័ន្ធធារាសាស្ត្រ និងទប់ស្កាត់ទឹកជំនន់នៅតំបន់ភាគនិរតីនៃប្រទេសកម្ពុជា។
សម្ដេចតេជោ បានគូសបញ្ជាក់ថា គម្រោងនេះគឺជាចលនាគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេស ព្រោះថា វានឹងជំរុញសេដ្ឋកិច្ចយ៉ាងខ្លាំង នៅពេលដែលព្រែកជីកនេះសាងសង់រួចរាល់ ហើយនឹងមិនមានការខ្វះខាតទឹកប្រើប្រាស់សម្រាប់ប្រព័ន្ធធារាសាស្ត្រ ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលរស់នៅភាគនិរតីនោះទេ។
សម្តេចបានបន្ថែមថា “ព្រែកជីកនេះតភ្ជាប់ផ្លូវទឹកដោយផ្ទាល់ពីរាជធានីភ្នំពេញទៅកាន់សមុទ្រតែម្តង ហើយវានឹងមិនឆ្លងកាត់ប្រទេសណាមួយ ឬប្រទេសវៀតណាម ដែលតម្រូវឱ្យបង់ប្រាក់ដើម្បីអនុញ្ញាតឱ្យទំនិញរបស់យើងឆ្លងកាត់ ដូចមុនទៀតនោះទេ”។
សម្តេចសង្កត់ធ្ងន់ថា មូលហេតុដែលសម្តេចថ្លែងដោយបើកចំហបែបនេះ គឺដោយសារតែ ក្រុមអ្នកស្រាវជ្រាវវៀតណាមបានលើកឡើងដដែលៗពីផលប៉ះពាល់អវិជ្ជមាននៃគម្រោងព្រែកជីករបស់កម្ពុជាលើទន្លេមេគង្គ ហើយថ្នាក់ដឹកនាំវៀតណាមក៏មិនបានណែនាំដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនឱ្យបញ្ឈប់ករណីនេះដែរ។
លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ឱ្យដឹងថា “ទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្ដេជ្ញាចិត្តសាងសង់ព្រែកជីកនេះឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ”។
ទាក់ទិននឹងបញ្ហាថវិកាសម្រាប់យកមកស្ថាបនាគម្រោងនេះ លោក ប៉ែន បូណា បានគូសបញ្ជាក់ថា រដ្ឋាភិបាលមិនបានខ្ចីថវិកាពីប្រទេសណាមួយ ហើយរដ្ឋាភិបាលក៏នឹងមិនប្រមូលប្រាក់ពីពលរដ្ឋសម្រាប់ការសាងសង់គម្រោងនេះដែរ។
គម្រោងព្រែកជីកនេះត្រូវបានបើកចំហសម្រាប់ការវិនិយោគដល់វិស័យឯកជនក្រោមកិច្ចសន្យាសាងសង់ ប្រតិបត្តិការ និងផ្ទេរ (BOT) ដែលអ្នកវិនិយោគនឹងផ្ទេរការគ្រប់គ្រងព្រែកជីកទៅឱ្យរដ្ឋាភិបាលកម្ពុជាវិញ បន្ទាប់ពីបំពេញប្រតិបត្តិការក្នុងរយៈពេលជាក់លាក់ណាមួយ។
ជាមួយគ្នានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ សេដ្ឋវិទូជាន់ខ្ពស់ និងជានាយកវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ឱ្យដឹងថា “គម្រោងព្រែកជីកហ្វូណន-តេជោ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រទេសរបស់យើង រួមទាំងកាត់បន្ថយពេលវេលាដឹកជញ្ជូន និងបម្រុងទុកអត្ថប្រយោជន៍បន្ថែមប្រមាណ៣០០ដុល្លារក្នុងមួយកុងតឺន័រ”។
លោកបណ្ឌិតបន្ថែមថា “ខណៈពេលដែលកម្ពុជានឹងបញ្ចប់ឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LCD) ក្នុងរយៈពេលពីរឆ្នាំខាងមុខ កម្ពុជានឹងត្រូវដកចេញដោយស្វ័យប្រវត្តិពីប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។ ដូច្នេះ ព្រែកជីកនេះនឹងអនុញ្ញាតឱ្យកម្ពុជារក្សានូវភាពប្រកួតប្រជែងរបស់ខ្លួនសម្រាប់ការនាំចេញទំនិញទៅកាន់ពិភពលោក”។
ចំណែក លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មចិន-កម្ពុជាបានលើកឡើងថា អ្នកនយោបាយវៀតណាមមិនគួរយកបញ្ហាពាណិជ្ជកម្មមកធ្វើជារឿងនយោបាយនោះទេ។ ផ្ទុយទៅវិញ វៀតណាមគួរតែទទួលយកវាជាបទដ្ឋានអន្តរជាតិនៃការអនុវត្តន៍ពាណិជ្ជកម្ម ដោយសាររដ្ឋសមាជិកអាស៊ាននីមួយៗបានកាត់បន្ថយនូវការចំណាយ និងបង្កភាពងាយស្រួលនៃប្រតិបត្តិការអាជីវកម្ម ដើម្បីប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ និងទាក់ទាញលំហូរ FDI ទៅកាន់ប្រទេសរបស់ពួកគេរៀងៗខ្លួន។
លោក ឡោ វិចិត្រ បានបន្ថែមថា នៅពេលគម្រោងព្រែកជីកហ្វូណន-តេជោ ត្រូវបានសាងសង់បញ្ចប់រួចរាល់នៅឆ្នាំ២០២៨ តម្លៃទំនិញ និងផលិតផលនានា នឹងមានកម្រិតទាបជាងមុន ហើយល្បឿននៃការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក៏នឹងកាន់តែមានប្រសិទ្ធភាពផងដែរ”៕