ដោយៈ អេង ស្រីទៀង
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា-ចិន ឯកភាពគ្នា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ទៅវិញទៅមក ពិសេសការជំរុញការផ្សព្វផ្សាយ គោលដៅទេសចរណ៍វប្បធម៌អង្គរវត្ត របស់កម្ពុជា ឱ្យបានទូលំទូលាយ ទៅដល់ប្រជាពលរដ្ឋក្នុងខេត្តជាំងស៊ី ដើម្បីជំរុញលំហូរទេសចរចិន មកកាន់កម្ពុជាឱ្យកាន់តែច្រើន។ជាមួយគ្នានេះ កម្ពុជា ចិនក៏ជំរុញឱ្យមានជើងហោះហើរត្រង់ ពីខេត្តជាំងស៊ីមកកាន់កម្ពុជា នាពេលអនាគតខាងមុខ ក៏ដូចជាគាំទ្រដល់ការរៀបចំសកម្មភាពរួមគ្នា ក្នុងការអនុវត្តយុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤” និង “ឆ្នាំទស្សនាសៀមរាប២០២៤”។
ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងជំនួបរវាងលោកសុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកជំទាវ MEI Yi អគ្គនាយកទេសចរណ៍ និងវប្បធម៌ខេត្តជាំងស៊ី (Jiangxi) និងជាលេខារងក្រុមការងារភាពជាអ្នកដឹកនាំ នៃបក្សកុម្មុយនីស្តចិន ស្តីពីការជម្រុញកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា និងខេត្តជាំងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន៕