អន្តរជាតិ: យោងតាមគេហទំព័រសារពត៌មាន Yahoo Finance បានធ្វើការចុះផ្សាយអត្ថបទ រៀបរាប់អំពីបណ្តាប្រទេសចំនួន២០ ស្ថិតនៅតំបន់អាស៊ី ដែលពលរដ្ឋអាមេរិក អាចធ្វើដំណើរទៅកំសាន្ត ដោយសារចំណាយមានភាពសមរម្យ។
ក្នុងចំណោមបណ្តាប្រទេសទាំង២០នោះ ក៏រួមមាន កម្ពុជាផងដែរ ដោយប្រទេសនេះបានជាប់ចំណាត់ថ្នាក់លេខ១០ ដែលការចំណាយទាំងថ្លៃសំបុត្រធ្វើដំណើរ និងថ្លៃចំណាយស្នាក់នៅ មានកម្រិតសមរម្យបំផុត។
គេហទំព័រខាងលើបានសរសេរថា ថ្លៃសំបុត្រធ្វើដំណើររវាងកម្ពុជា និងសហរដ្ឋអាមេរិក មានតម្លៃ១.៩៧២ដុល្លារ និងថ្លៃចំណាយជាមធ្យម ក្នុងអំឡុងពេលស្នាក់នៅចំនួន៧៤៨ដុល្លារ។ ដូចនេះ ថ្លៃចំណាយសរុប គឺស្មើនឹង២.៧២០ដុល្លារ សម្រាប់មនុស្សចំនួន២នាក់។
គោលដៅទេសចរណ៍ ដ៏សំខាន់នៅប្រទេសកម្ពុជា គឺការទៅទស្សនា សំណង់ថ្មប្រាសាទជាច្រើនប្រភេទ ស្ថិតនៅក្នុងខេត្តសៀមរាប ដែលជាស្នាដៃដ៏អស្ចារ្យ ផ្នែកស្ថាបត្យកម្មរបស់ដូនតាខ្មែរ ពីសម័យបុរាណ។
ក្នុងនោះ ប្រាសាទអង្គរវត្ត គឺជាប្រាសាទសាសនាដ៏ធំបំផុតនៅក្នុងពិភពលោក និងជាអច្ឆរិយៈវត្ថុទី៨របស់ពិភពលោក។
ជាងនេះទៅទៀត ប្រាសាទតាព្រហ្ម ដែលត្រូវបានរុំព័ទ្ធទៅដោយដើមឈើធំៗ ដែលមានអាយុកាលជាច្រើនសតវត្សរ៍ ក៏ជាគោលដៅទេសចរណ៍ ដ៏លេចធ្លោមួយទៀត សម្រាប់ភ្ញៀវទេសចរណ៍បរទេសផងដែរ។
ម៉្យាងវិញទៀត កម្ពុជាក៏មានទេសភាពឆ្នេរ ដ៏ស្រស់បំព្រងបំផុតប្រចាំតំបន់អាស៊ី ដែលផ្តល់លក្ខណៈអំណោយផលល្អ សម្រាប់ការសម្រាកវិស្សមកាលនៅមាត់សមុទ្រ ក៏ដូចជាសម្រាប់ដំណើរទេសចរណ៍បែបវប្បធម៌ផងដែរ។
ចំណែក ប្រទេសជាប់ចំណាត់ថ្នាក់លេខ១ គឺប្រទេសហ្វីលីពីន តាមពីក្រោយដោយប្រទេសឥណ្ឌា វៀតណាម បង់ក្លាដែស ប៉ាគីស្ថាន ថៃ ម៉ាឡេស៊ី អ៊ូបេគីស្ថាន អាស៊ែបៃហ្សង់ និងកម្ពុជាដែលស្ថិតនៅលេខរៀងទី១០ ខណៈចំណាត់ថ្នាក់លេខ២០ ចុងក្រោយគេបានធ្លាក់ទៅលើប្រទេសចិន។
ដើម្បីវាយតម្លៃចំណាត់ថ្នាក់ទាំងនេះ ត្រូវបានគេហទំព័រ Yahoo បានដកស្រង់ទិន្នន័យជើងហោះហើរ ដែលមានតម្លៃថោកបំផុត ពីសហរដ្ឋអាមេរិក សម្រាប់មនុស្សពេញវ័យចំនួន២នាក់ ចេញពីវេបសាយ Google Flights ដោយជ្រើសរើសយក អាកាសយានដ្ឋាន John F. Kennedy នៅទីក្រុងញ៉ូវយ៉ក ជាចំណុចចេញដំណើររួម។
លើសពីនេះទៅទៀត គេហទំព័រ Yahoo បានប្រើប្រាស់វេបសាយ Budgetyourtrip និងវេបសាយ Where and when ដើម្បីដកស្រង់ទិន្នន័យអំពីចំនួនទឹកប្រាក់មធ្យម ដែលត្រូវចំណាយរយៈពេលមួយសប្តាហ៍ ក្នុងប្រទេសនីមួយៗ៕