ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ដោយបានវិវត្តន៍ទៅជាសេដ្ឋកិច្ចទំនើប ដែលមានសមារណកម្មក្នុងសេដ្ឋកិច្ចសកល និងអាចវិលត្រលប់ទៅរកស្ថានភាពជំងឺរាតត្បាត ជាមួយអត្រាកំណើនក្នុងរង្វង់៧ភាគរយនៅឆ្នាំ២០២៨។
សម្តេចបានបញ្ជាក់បែបនេះ ក្នុងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២ មេសានេះ។
សម្តេចបានបន្តថា “សេដ្ឋកិច្ចកម្ពុជា ក៏បានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់”។
សម្តេចបន្ថែមថា មុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, កម្ពុជារក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ច ជាមធ្យមលើសពី ៧%ក្នុងមួយឆ្នាំ សម្រាប់រយៈពេល២ទសវត្សរ៍។ ទោះបីមានការបន្ទច់បង្អាក់នាពេលថ្មីៗនេះក៏ដោយ សេដ្ឋកិច្ចកម្ពុជា ក៏បានស្ទុះងើបឡើងវិញ ជាមួយនឹងអត្រាកំណើន៥,៦% ក្នុងឆ្នាំ២០២៣ និងត្រូវបានព្យាករថានឹងមានកំណើន៦,៦% ក្នុងឆ្នាំ២០២៤ ហើយនឹងអាចត្រលប់ ទៅរកអត្រាកំណើនមុនជំងឺរាតត្បាត ក្នុងរង្វង់ ៧% ក្នុងឆ្នាំ ២០២៨ ដែលការណ៍នេះ បង្ហាញអំពី អនាគតសេដ្ឋកិច្ចប្រកបដោយក្តីសង្ឃឹមរបស់កម្ពុជា។
សម្តេចធិបតីបានបន្តថា “កម្ពុជាគឺជាដៃគូដ៏រស់រវើក និងដ៏ទាក់ទាញ ក្នុងសហគមន៍អាស៊ាន។ ទីតាំងប្រកបដោយឧត្តមភាពរបស់កម្ពុជា ផ្តល់នូវការតភ្ជាប់ដោយរលូននៅទូទាំងតំបន់ និងបង្កើតឱ្យមានប្រព័ន្ធអេកូឡូស៊ីនៃកិច្ចសហការ ដែលផ្ដោតលើការផ្តល់ផលប្រយោជន៍ទៅវិញ-ទៅមក និងសុខុមាលភាពរួមក្នុងតំបន់”។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ទៀតថា កម្ពុជាជឿជាក់យ៉ាងមុតមាំថា សហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលមានភាពរឹងមាំ, ភាពធន់ និងសមាហរណកម្ម អាចនាំមកនូវវិបុលភាពរួម សម្រាប់រដ្ឋជាសមាជិកទាំងអស់ ។ ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងជំរុញការអនុវត្ត ”យុទ្ធសាស្ត្រប្រទេសបូក” (Plus-One Strategy) តាមរយៈការទាក់ទាញការវិនិយោគ ជាពិសេសក្នុងឧស្សា- ហកម្មដែលប្រើបច្ចេកវិទ្យាមធ្យម ឱ្យមកសាងសង់រោងចក្រនៅកម្ពុជា ដើម្បីផ្គត់ផ្គង់គ្រឿងបន្លាស់ ឬផលិតផលពាក់កណ្តាលសម្រេច ទៅឱ្យរោងចក្រធំៗ នៅក្នុងប្រទេសជិតខាងក្នុងតំបន់អាស៊ាន។ កម្ពុជាបានអនុម័តច្បាប់ថ្មីស្តីពី ការវិនិយោគ ដើម្បីផ្ដល់ជូនវិនិយោគិននូវសក្តានុពល និងឧត្តមភាពជាយុទ្ធសាស្ត្រ ដ៏គួរឱ្យទាក់ទាញ ជាមួយនឹងការលើកទឹកចិត្តជាច្រើន ដល់ គម្រោងវិនិយោគក្នុងវិស័យអាទិភាពសំខាន់ៗ។
សម្តេចបន្តថា រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តការកែទម្រង់គ្រប់ជ្រុងជ្រោយ ប្រកបដោយមហិច្ឆតា ដើម្បីសម្រួលនីតិវិធី និងបង្កើនភាពទាក់ទាញនៃការវិនិយោគជារួម។ រាជរដ្ឋាភិបាលក៏បាន និងកំពុងជំរុញបរិយាកាស នៃកិច្ចសន្ទនាបើកចំហ តាមរយៈការរៀបចំ វេទិការាជរដ្ឋាភិបាល ផ្នែកឯកជន ដើម្បីសហការយ៉ាងសកម្មជាមួយវិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈម និងធានានូវភាពជោគជ័យនៃការធ្វើធុរកិច្ច និងការវិនិយោគនៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបឲ្យដឹងផងដែរថា រាជរដ្ឋាភិបាល ទើបបានដាក់ចេញនូវ “កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ដើម្បីផ្តល់ “អត្ថប្រយោជន៍ពិសេស” ដល់ការវិនិយោគក្នុងឆ្នាំ ២០២៤ នៅក្នុងខេត្តព្រះសីហនុ ។
កម្មវិធីពិសេសនេះគឺជាជំហានដ៏សំខាន់មួយ ក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដើម្បីបម្រើជា មជ្ឈមណ្ឌលតំបន់ សម្រាប់ផលិតកម្ម ពាណិជ្ជកម្ម ធុរកិច្ច ហិរញ្ញវត្ថុ ។ល។ រាជរដ្ឋាភិបាល ក៏បាននិងកំពុងរៀបចំការរចនាឡើងវិញនូវតំបន់សេដ្ឋកិច្ចពិសេស ដោយគិតគូរពីលក្ខណៈចម្រុះ នៃឧស្សាហកម្ម, វិនិយោគិន និងអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។
ទាក់ទងបរិបទតំបន់ សម្តេចធិបតីបានថ្លែងថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា មានគោលដៅជំរុញសក្តានុពលអាស៊ាន ដែលកម្ពុជា គឺជាចំណុចស្នូល និងលើកយកប្រធានបទសំខាន់ៗមកជជែកពិភាក្សារួមមាន៖ តំណភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន ចីរភាពនិងថាមពលកកើតឡើងវិញរបស់អាស៊ាន កម្ពុជា គឺជាច្រកទ្វារទៅកាន់អាស៊ាន និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីកំណើនប្រកបដោយបរិយាប័ន្ន។
សម្តេចបន្តថា មូលបទ “បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន” គឺជារបៀបវារៈចំកាលៈទេសៈ និងមានមហិច្ឆតា”៕
ផ្ដល់សិទ្ធិដោយ៖ Property Area Asia