ក្រុមហ៊ុននៅប្រទេសឆេកចាប់អារម្មណ៍វិនិយោគលើឧបករណ៍វេជ្ជសាស្រ្តនៅកម្ពុជា

        ដោយៈ និស្ស័យ

        ភ្នំពេញៈ ក្រុមហ៊ុន BTL Medical Technologies ដែលជាក្រុមហ៊ុនឈានមុខគេរបស់ឆែក មានប្រតិបត្តិការលើផលិតផ​លឧបករណ៍បច្ចេកវិទ្យាវេជ្ជសាស្ត្រ បានបង្ហាញចំណាប់អារម្ម​ណ៍វិនិយោគនៅកម្ពុជា។

លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូកម្ពុជាដែលរួមមានពីក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន បានអញ្ជើញទស្ស​នកិច្ចក្រុមហ៊ុន BTL Medical Technologies ដែលជាក្រុមហ៊ុនឈានមុខគេ របស់ឆែកមានប្រតិបត្តិការ លើផលិតផលឧបក​រណ៍បច្ចេកវិទ្យាវេជ្ជសាស្ត្រ។

តាមរយៈកិច្ចប្រជុំនាឱកាសនេះ ក្រុមហ៊ុនបានធ្វើបទបង្ហា​ញជូន លោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា អំពីផលប័ត្រផលិតកម្ម បច្ចេកវិទ្យា កាលានុវត្តភាពវិនិយោគរបស់ខ្លួនប្រមាណជាង៣០ឆ្នាំ ក្នុងវិស័យវេជ្ជសាស្ត្រ និងពិភាក្សាអំពីឱកាសវិនិយោគនៅកម្ពុជាផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើ​កទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព ជ្រើសរើសការបណ្ដាក់ទុននៅកម្ពុជា ដោយហេតុថា ក្រៅអំពីសក្ដានុពលសំខាន់ៗជាច្រើន កម្ពុជាក៏ទទួលបានប្រព័ន្ធអនុគ្រោះពន្ធEBA សម្រាប់ការនាំចេញទៅកាន់ទីផ្សាររបស់សហភាពអឺរ៉ុបផងដែរ។

ជាមួយគ្នានេះ លោកស៊ុន ចាន់ថុល ក៏បានជាមួយលោក Jiří Kozák អនុរដ្ឋមន្ត្រីការបរទេស នៃក្រសួងការបរទេសនៃសាធារណរដ្ឋឆែក។

ក្រោមការទទួលយ៉ាងកក់ក្ដៅ ពីក្រសួងការបរទេសនៃសាធារណរដ្ឋឆែក ក្នុងកិច្ចពិភាក្សានាឱកាសនេះ ភាគីទាំងពីរបានបង្ហាញចំណាប់អារម្មណ៍ អំពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការងារនានា សម្រាប់ពង្រឹងទំនាក់ទំនងឱ្យកាន់​តែស៊ីជម្រៅ ពិសេសតាមរយៈកិច្ចការងារវិនិយោគឯកជន។

តាមរយៈជំនួបនេះ ក៏មានការលើកឡើងអំពីក្រុមហ៊ុនចំនួន៤របស់ឆែក ដែលកំពុងមានចំណាប់អារម្មណ៍ នឹងពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យមានជាអាទិ៍ការផលិតឧបករណ៍វេជ្ជសាស្រ្ត ការសិក្សាស្រាវជ្រាវ និងការផលិតទឹកស្អាតជាដើម៕