ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា កាណាដាសម្រេចបានទឹកប្រាក់ជិត៩០០លានដុល្លារអាមេរិក កើនឡើងជាង៣០ភាគរយ ក្នុងរយៈពេលបីត្រីមាសឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមទិន្នន័យកត់ត្រា ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤ កម្ពុជាប្រមូលប្រាក់បាន៨៤៨,៦៨ លានដុល្លារពីការនាំទំនិញ ទៅលក់នៅទីផ្សារកាណាដា ដោយចំនួននេះកើនឡើង ៣០,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួន៦៤៨,៧៧លានដុល្លារ។ ចំណែកទំនិញកាណាដានាំមកកម្ពុជាមានត្រឹមតែ៤៧,៣ លានដុល្លារប៉ុណ្ណោះ ធ្លាក់ចុះ ៥,៦ ភាគរយពីចំនួន៥០,១ លានដុល្លារ។
ជញ្ជីងពាណិជ្ជកម្មកម្ពុជា រយៈពេល៩ខែដើមឆ្នាំ២០២៤ មានឧត្តមភាព៨០១,៣៨លានដុល្លារ ខណៈរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន៥៩៨,៦៦ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ឲ្យដឹងថា កំណើនទឹកប្រាក់ដែលបានពីការនាំចេញទំនិញផលិតនៅកម្ពុជា ទៅទីផ្សារអន្តរជាតិនារយៈពេលជិត១ឆ្នាំកន្លងមកនេះ គឺមានមួយចំណែកបានមកពីកំនើនការនាំចេញផលិតផល វាយនភណ្ឌទៅប្រទេសកាណាដា។
អ្នកឧកញ៉ាបានបន្តថា ការបិទបញ្ចប់ក្តីបារម្ភពីជំងឺកូវីដ១៩ បានលើកទឹកចិត្ត ឱ្យមនុស្សធ្វើដំណើរច្រើនជាងមុន ហេតុនេះត្រូវការសម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ សុទ្ធតែកើនឡើង ខណៈកម្ពុជាត្រូវបានគេដឹងថា ជាទីតាំងផលិតផលិតផលទាំងអស់នេះ ក្នុងបរិមាណច្រើនជារៀងរាល់ឆ្នាំ។
អ្នកឧកញ៉ាបន្តថា បច្ចុប្បន្នក្រៅពីមានទំនាក់ទំនងការទូត និងពាណិជ្ជកម្មល្អជាមួយគ្នា សភាពាណិជ្ជកម្មកម្ពុជា(CCC) ក៏បានបើក ការិយាល័យតំណាងរបស់ខ្លួន នៅទីក្រុងតូរ៉ុនតូ(ប្រទេសកាណាដា) ដែលការិយាល័យតំណាងនេះ មានតួនាទីជួយផ្សព្វផ្សាយផលិតផលកម្ពុជា ទៅដល់អតិថិជនកាណាដា និងផ្តល់ព័ត៌មាន ដើម្បីទាក់ទាញវិនិយោគិនកាណាដា ឱ្យមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជា។
ប្រធានសហព័ន្ធសមាគមអ្នកវិនិយោគកម្ពុជា និងជាប្រធានសមាគមស្បែកជើងកម្ពុជា អ្នកឧកញ៉ាលី ឃុនថៃបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ប្រទេសកាណាដា គឺជាទីផ្សារធំ សម្រាប់ផលិតផលវាយនភណ្ឌកម្ពុជា ហើយការនាំចេញទៅទីនោះ បានចាប់ផ្តើមមានសញ្ញាវិជ្ជមាន ឡើងវិញតាំងពីចុងឆ្នាំ២០២៣៕