អង្គការមួយនិងក្រសួងទេសចរណ៍រៀបចំកម្មវិធីសិក្សាថ្មីមួយ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អង្គការតុកកែញញឹម សហការជាមួយក្រសួងទេសចរណ៍ បានសម្រេចបង្កើតកម្មវិធីសិក្សាថ្មីមួយ ដល់សា​លាវិជ្ជាជីវៈរបស់ក្រសួង។​

ការសម្រេចនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេស​ចរណ៍ ជាមួយ លោក Prof. Dr. Max Gasssmann សមាជិកក្រុមប្រឹក្សាភិបាលអង្គការតុកកែញញឹម (Smiling Gecko)។

ថ្នាក់ដឹកនាំអង្គការខាងលើ បាន​ស្នើសុំអនុសាសន៍ និងរាយការណ៍អំពីសកម្មភាព និងសមិទ្ធផលការងាររបស់អង្គការកន្លងមក ព្រមទាំងស្នើសុំការគាំទ្រ របស់លោករដ្ឋមន្រ្តី លើគម្រោងវគ្គបណ្តុះបណ្តាល មុខជំនា​ញបដិសណ្ឋារកិច្ចកម្រិតខ្ពស់។

ជាលទ្ធផលនៃកិច្ចជំនួបនេះ លោករដ្ឋមន្ត្រី បានកោតសរ​សើរវាយតម្លៃខ្ពស់ និងគាំទ្រ ចំពោះការចូលរួមចំណែករបស់អង្គការ ក្នុងការជួយផ្តល់នូវការបណ្តុះបណ្តាល ជំនាញបដិសណ្ឋារកិច្ច កម្រិតខ្ពស់ដល់យុវជនកម្ពុជា និងឯកភាពឱ្យពិនិត្យលទ្ធភាពចុះអនុស្សរណៈ នៃការយោគយល់រវាងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈក្រសួងទេសចរណ៍ ជាមួយសាកលវិទ្យាល័យ Zurich (UZH) និងសាកលវិទ្យាល័យ The University of Applied Science (ZHAW)។

ភាគីទាំងពីរបានឯកភាពសហការគ្នា ផ្តល់នូវកម្មវិធីសិក្សាថ្មីមួយបែបទៀត ដល់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈក្រ​សួងទេសចរណ៍​ ដើម្បីផ្សារភ្ជាប់នូវគុណភាព និងលើកកម្ពស់សមត្ថភាព តាមរយៈការផ្តល់យោបល់ ពីសាកលវិទ្យាល័យ Zurich (UZH) ទន្ទឹមនឹងនេះ អង្គការនឹងផ្តល់ឱកាសសម្រាប់ការផ្លាស់ប្តូរគ្រូពីក្រៅប្រទេស ដើម្បីចែករំលែកនូវបទពិសោធ និងចំណេះដឹងថ្មីៗ សម្រាប់បណ្តុះបណ្តាលនិស្សិត ដែលកំពុងសិក្សានៅសាលា បណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងទេសចរណ៍ និងជាឱកាស ក្នុងការដកស្រង់បទពិសោធផ្ទាល់ នៅតាមរីស៊តរបស់អង្គការ (Smiling Gecko)៕