ធនាគារកូរ៉េ ចូលរួមអភិវឌ្ឍន៍ប្រព័ន្ឋលូ និងការកាត់បន្ថយទឹកជំនន់នៅក្រុងតាខ្មៅ

        ដោយៈ និស្ស័យ

        កណ្តាលៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបើក កិច្ចប្រជុំផែនការអនុវត្តគម្រោងការអភិវឌ្ឍប្រព័ន្ធលូ និងកាត់បន្ថយទឹកជំនន់ ក្នុងគម្រោងក្រុងតាខ្មៅ (ដំណា​ក់កាលទី២) នៃបេសកកម្មរបស់ធនាគារនីហរ័ណ-អាហរ័ណកូរ៉េ (EDCF Fact Finding Mission)។

កិច្ចប្រជុំកាលពីចចុងសប្តាហ៍មុននេះ ត្រូវបានដឹកនាំដោយលោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រី Yunhee Kim ប្រធានក្រុមការងារបេសកកម្ម និងលោកស្រី Minnie Chey នាយិកាមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច(EDCF) របស់រដ្ឋាភិបាលសាធា​រណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា និងមន្ត្រីជំនាញបច្ចេកទេសនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងសមាជិកគ្រប់គ្រងគម្រោងផងដែរ។

កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិនិត្យពិភាក្សា និងចុះហត្ថលេខាលើរបាយការណ៍ សកម្មភាពការងារសំខាន់ៗ ដែលបានពិភាក្សា និងឯកភាពគ្នា ក្នុងកិច្ចប្រជុំអំឡុងពេលបេសកកម្មរបស់ធនាគារនីហរ័ណ-អាហរ័ណកូរ៉េ (EDCF Fact Finding Mission) ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធ ប្រព្រឹត្តកម្មទឹកកខ្វក់ (ជំហា​ន២) សម្រាប់ប្រើប្រាស់ជាឯកសារយោងនាពេលអនាគត៕