អ៊ុយក្រែនគ្រោងចុះអនុស្សរណៈ ដើម្បីការពារអ្នកវិនិយោគ ដើម្បីជម្រុញអ្នកធុរកិច្ចមកកាន់កម្ពុជា

      ដោយៈ គង់ សូរិយា

      ភ្នំពេញៈ លោកបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយ លោកTaras Kachka អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចប្រទេសអ៊ុយក្រែន និងជាអ្នកតំណាងពាណិជ្ជកម្មអ៊ុយក្រែន ព្រមទាំងលោក Oleksandr Gaman ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំវៀតណាម និងជាឯកអគ្គរដ្ឋទូតអនិវាសនជនកម្ពុជា។

ជំនួបពិភាក្សាបានប្រព្រឹត្តិឡើង ក្នុងគោលបំណងស្វែងយល់ និងពិនិត្យទៅលើលទ្ធភាពក្នុងការចរចា និងការឈានទៅដល់ការចុះកិច្ចព្រមព្រៀងទ្វេរភាគីស្តីពី ការជម្រុញនិងការការពារអ្នកវិនិយោគទៅវិញទៅមក ដើម្បីជាស្ពានតភ្ជាប់ប្រទេ​សកម្ពុជា និងអ៊ុយក្រែន ហើយនាំយកវិនិយោគិនអ៊ុយក្រែនមកកម្ពុជា ខណៈពិភពលោកកំពុងកត់សម្គាល់ នូវអស្ថេរភាពដោ​យសារសង្គ្រាម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។

ក្នុងជំនួបនាឱកាសនេះ លោកបណ្ឌិតបានសម្ដែងការស្វា​គមន៍ប្រកបដោយភាពកក់ក្ដៅ ដល់សមភាគីអ៊ុយក្រែន ដែលបានអញ្ជើញ ជួបពិភាក្សាដោយផ្ទាល់ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគទ្វេភាគី ព្រមទាំងស្វែងយល់​ពីវិស័យសក្តានុពល សម្រាប់ការវិនិយោគនៅប្រទេ​សកម្ពុជា។

លោកបណ្ឌិត សរ សិនិរ៉ា បានជម្រាបជូន លោកTaras Kachka អំពីភាពបើកចំហរនៃទីផ្សារវិនិយោគនៅកម្ពុជា ដោយវិនិយោគិនបរទេសរួមទាំងអ៊ុយក្រែន អាចវិនិយោគលើគ្រប់វិស័យ ដោយទទួលបានការធានា ការការពារ និងការលើកទឹកចិត្តយ៉ាងសន្ធឹកសន្ធាប់ ដូចមានកំណត់ក្នុងច្បាប់ស្តីពី វិនិយោគនិងបទដ្ឋានគតិយុត្តជាធរមានរបស់កម្ពុជា។

លោកបានសង្កត់បញ្ជាក់ ទៅគណៈប្រតិភូអ៊ុយក្រែនថាទន្ទឹមនឹងលក្ខខណ្ឌគតិយុត្តិ ដែលមានលក្ខណៈអំណោយផលសម្រាប់ការវិនិយោគ  កម្ពុជាដែលមានប្រជាជនប្រមាណជិត ១៧លាននាក់ អាចជាមូលដ្ឋានផលិតកម្ម ប្រកបដោយទំនុកចិត្តរបស់វិនិយោគិនអ៊ុយក្រែន ដោយសារប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថេរភាព និងទីផ្សារធំទូលាយ។

ជាក់ស្តែងផលិតផល ដែលផលិតនៅកម្ពុជាអាចនាំចេញទៅទីផ្សារនៃមហាអនុតំបន់ទន្លេមេគង្គ ដែលមានប្រជាជនប្រមាណ៣៣០លាននាក់ ទីផ្សារអាស៊ានដែលមានប្រជាជនប្រមាណ៦៧១លាននាក់។ ទីផ្សារRCEP ដែលមានប្រជាជនរហូតដល់២,៣ពាន់លាននាក់ និងទីផ្សារអឺរ៉ុប ទីផ្សារសហរដ្ឋអាមេរិកជាដើម។

លោកTaras Kachka បានសម្ដែងនូវការសាទរចំពោះព័ត៌​មានដ៏ប្រពៃនេះ និងបានគូសបញ្ជាក់ផងដែរថា ប្រទេសអ៊ុយក្រែន ជាប្រទេសដែលមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ក្នុងវិស័យបច្ចេកវិទ្យាកសិកម្ម ជាពិសេស ជី និងចំណីសត្វ ព្រមទាំងជាប្រទេស ដែលត្រូវបានគេទទួលស្គាល់ ទៅលើការផ្តួចផ្តើមវិស័យបច្ចេកវិទ្យាព័ត៌មាន (IT Initiatives)៕