ការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះសម្រេចបានលទ្ឋផលជិត ៥០ភាគរយហើយ

      ដោយៈ គង់ សូរិយា

      ភ្នំពេញៈ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ (ផ្លូវជាតិលេខ៦០B) ខេត្តក្រចេះ មានប្រវែង៤១,៦៧គ.ម ត្រូវបានចាប់ផ្ដើមស្ដារឡើងវិញកាលពី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣។

យោងតាមក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងសាងសង់នេះ  នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេស​ចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ។

រហូតមកដល់បច្ចុប្បន្ន ការងារសាងសង់តួស្ពានសម្រេចបាន ៤៥% ខណៈដែលការងារសាងសង់ផ្លូវ តភ្ជាប់សម្រេចបាន ១៥%ហើយ។

ការស្ថាបនាទាំងស្ពាន និងផ្លូវកំពុងដំណើរការយ៉ាងរលូន ហើយរំពឹងថា នឹងបញ្ចប់មុនផែនការ ដែលបានគ្រោងទុកក្នុងឆ្នាំ ២០២៦៕