ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) ជាមួយនឹងក្រុមហ៊ុនបៃតងកម្ពុជា (CG) និងមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) ក្នុងន័យដើម្បីរួមគ្នាលើកកម្ពស់វិស័យកសិកម្មកម្ពុជា និងបង្កើនសក្តានុពល សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។
នៅក្នុងពិធីចុះ MoU នេះ កាលពីព្រឹកថ្ងៃទី៣០ តុលា លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានសម្តែងការស្វាគមន៍ចំពោះដៃគូជាតិ អន្តរជាតិ និងវិស័យឯកជនទាំងអស់ ដែលបានចូលរួមចំណែកក្នុងការជំរុញវិស័យកសិកម្មកម្ពុជា ឱ្យបោះជំហានទៅមុខកាន់តែលឿន ព្រមទាំងបានអនុវត្តកិច្ចការអភិរក្ស ធនធានធម្មជាតិ ប្រកបដោយភាពជោគជ័យជាបន្តបន្ទាប់។
លោកបន្តថា “ការចុះ MoU ជាមួយក្រុមហ៊ុនបៃតងកម្ពុជា គឺជាការងារដ៏សំខាន់ ក្នុងការជួយរក្សាស្ថេរភាពថ្លៃស្រូវអង្ករនាប៉ែកពាយ័ព្យ ដែលជាបរិបទថ្មីជួយកាត់បន្ថយ ការចំណាយ ដើម្បីបង្កើនផលចំណេញ ទាំងកសិករ និងអ្នកប្រើប្រាស់”។
ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រី ក៏បានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលប្រើប្រាស់ពូជ និងបច្ចេកទេសច្បាស់លាស់ មានទុនក្នុងការវិនិយោគ មានទីផ្សារពិតប្រាកដ និងជំរុញពូជសែនក្រអូប ដែលជាពូជស្រូវកម្ពុជា ឱ្យកាន់តែមានសក្តានុពលក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ក្នុងការងារនេះលោករដ្ឋមន្ត្រី បានបញ្ជាក់ថា “ក្រសួងកសិកម្មត្រូវការដៃគូ ដែលមានគោលដៅរួមច្បាស់លាស់ មានបច្ចេកទេសពិតប្រាកដ និងមានឆន្ទៈរួមគ្នា ដើម្បីសម្រេចនូវលទ្ធផលល្អ”។
អ្នកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា វិស័យកសិកម្មកម្ពុជាបានបង្ហាញពីភាពវិជ្ជមានជាបន្តបន្ទាប់ ដោយបរិមាណនៃការនាំចេញទៅទីផ្សារអន្តរជាតិ បានបន្តកើនឡើងគួរឱ្យកត់សម្គាល់។ កំណើននៃការនាំចេញនេះ គឺកើនចេញពីការបណ្តាក់ទុនកាន់តែច្រើននៅក្នុងវិស័យកសិកម្ម ពីសំណាក់វិនិយោគិនក្នុងស្រុក និងក្រៅប្រទេស។
លោកបន្តថា “ក្រៅពីនេះវិស័យកសិកម្មនៅកម្ពុជា ក៏មានប្រើប្រាស់បច្ចេកវិទ្យា និងការជ្រើសរើសពូជ និងការថែទាំបានល្អជាងមុនផងដែរ”៕