ដោយៈ គង់ សូរិយា
ភ្នំពេញៈ គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៤នេះ បរធនបាលកិច្ចដែលបានបង្កើត និងចុះបញ្ជីត្រឹមត្រូវតាមច្បាប់ បានកើនដល់ចំនួន១,០៣០ករណី មានទំហំបរធនប្រមាណ ១,៦៥២ លានដុល្លារសហរដ្ឋអាមេរិក។
ទំហំទឹកប្រាក់នេះ បានបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័ស នៃវិស័យបរធនបាលកិច្ច ដែលជាវិស័យថ្មីមួយនៅកម្ពុជា។
ថ្លែងនៅក្នុងវេទិកាបរធនបាលកិច្ច ឆ្នាំ២០២៤ ក្រោមប្រធានបទ “បរធនបាលកិច្ច៖ លើសពីថ្នាលបង្កើតទំនុកចិត្ត” នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ) បានបញ្ជាក់ថា ជាលទ្ធផលក្នុងរយៈពេល៣ឆ្នាំជាងនេះ បន្ទាប់ពីបង្កើតនិយ័តករបរធនបាលកិច្ច សម្រេចបាននូវសមិទ្ធផលជាច្រើន។
លោកបានឱ្យដឹងថា គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៤នេះ បរធនបាលកិច្ចដែលបានបង្កើត និងចុះបញ្ជីត្រឹមត្រូវតាមច្បាប់បានកើនដល់ ចំនួន១,០៣០ករណី ជាមួយនឹងទំហំបរធនសរុបប្រមាណជា១,៦៥២ លានដុល្លារ សហរដ្ឋអាមេរិក។
លោកបន្តថា គិតមកទល់ពេលនេះ និយ័តកមូលធនបាលកិច្ចបានផ្តល់អាជ្ញាបណ្ណ ដល់ក្រុមហ៊ុនបរធនបាលចំនួន១៣ ខណៈធនាគារចំនួន២១ បានទទួលអាជ្ញាបណ្ណ និងការអនុញ្ញាតពី ន.ប.ធ. ជាប្រតិបត្តិករ បរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services)។ ជាមួយគ្នានេះ បរធនបាលរូបវន្តបុគ្គលចំនួន៦៨រូប បានទទួលអាជ្ញាបណ្ណពី ន.ប.ធ. ដោយ៣៥រូប ជាបរធនបាលរូបវន្តបុគ្គលឯករាជ្យ និង៣៣រូប បរធនបាលរូបវន្តបុគ្គលនៃក្រុមហ៊ុនបរធនបាល។
លើសពីនេះទៅទៀត ក្រុមហ៊ុនវាយតម្លៃចំនួន១៦ទទួលបានការទទួលស្គាល់ពីន.ប.ធ. ឱ្យផ្តល់សេវាវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច និងក្រុមហ៊ុនផ្តល់សេវាសវនកម្មចំនួន១៥ ទទួលបានការទទួលស្គាល់ពី ន.ប.ធ. ឱ្យផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច។
បរធនបាលកិច្ច សំដៅដល់កិច្ចការគ្រប់គ្រង និងចាត់ចែងបរធន ដែលផ្ដល់ដោយបរធនបាលទាយក (បុគ្គលដែលផ្ដល់ទ្រព្យសម្បត្តិ ឬមូលនិធិដំបូងទៅក្នុងបរធនបាលកិច្ច) សម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈ (បុគ្គលដែលទទួលផលប្រយោជន៍ ពីបរធនបាលកិច្ច) ដោយអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោករស់ សីលវ៉ា និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) មានប្រសាសន៍ថា ការលើកស្ទួយ និងការអភិវឌ្ឍវិស័យបរធនបាលកិច្ច ជាអទិភាពចម្បងមួយរបស់រាជរដ្ឋាភិបាល។
លោកបន្តថា “យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ បានដាក់ចេញ នូវគោលនយោបាយយុទ្ធសាស្រ្ត ដើម្បីឱ្យវិស័យនេះបន្តពង្រឹងតួនាទី និងមានការអភិវឌ្ឍន៍ដែលមានលក្ខណៈទំនើប និងមានភាពធន់កាន់តែខ្ពស់ នៅក្នុងការបន្តបង្កើតនូវគុណប្រយោជន៍សម្រាប់ប្រទេសជាតិ និងសង្គម”។
ការងារសំខាន់ៗទាំងនោះមានដូចជា ទី១ បង្កើនការវិនិយោគក្នុងស្រុក ដែលជាប្រភពនៃការបន្ថែមចំនួនពន្ធជាតិ ទី២.ជំរុញការធ្វើពិពិធកម្ម ដល់វិស័យហិរញ្ញវត្ថុឆ្លើយតប នឹងតម្រូវការទីផ្សារ ដែលកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា និងទី៣.ចូលរួមក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ការទប់ស្កាត់ និងការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេវកម្ម និងការរីកសាយភាយហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ៕