ទំហំពាណិជ្ជកម្មកម្ពុជា ជប៉ុនស ម្រេចបានទឹកប្រាក់ប្រមាណ ១៦០០លានដុល្លារ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា ជប៉ុនសម្រេចបានទឹក​ប្រាក់ប្រមាណ​១,៦ពាន់​លាន​ដុល្លារ កើន​ជិត២០ភាគរយ​បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣។

ទំហំពាណិជ្ជកម្មក្នុងរយៈពេលបីត្រីមាសនេះ បានបង្ហាញថា ​ទំនិញ​កម្ពុជា​នាំចេញ​មាន​ទឹក​ប្រាក់​ជាង១ ពាន់​លាន​ដុល្លារ។ នេះ​បើវតាម​អគ្គវនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE)។

ទិន្នន័យ​របស់​ GDCE បាន​បង្ហាញ​ថា ចាប់​ពី​ខែ​មករា​-​ខែកញ្ញា ឆ្នាំ​ ២០២៤ ការ​នាំចេញ នាំចូល​ទំនិញ​រវាង​​កម្ពុជា​-​ជប៉ុន មាន​ទឹកប្រាក់​សរុប១៥៩៥ ​លាន​ដុល្លារ កើន​ឡើង១៦,៧ភាគរយ ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២៣ ដែល​មាន​ចំនួន​១ ៣៦៦,៨៤​ លាន​ដុល្លារ​។

ទំហំ​ទឹក​ប្រាក់​ពាណិជ្ជកម្ម​កម្ពុជា ​-​ជប៉ុន ស្មើ​នឹង៣,៨៩​ ភាគរយ ​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ ​សរុប​របស់​កម្ពុជា​រយៈពេល៩ខែ​ឆ្នាំ​២០២៤ ដែល​មាន​ចំនួន ៤០,៩៤​ ពាន់​លាន​ដុល្លារ​។​ ប្រទេស​ជប៉ុន ​គឺជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​ធំ​ទី៥ របស់​កម្ពុជា បន្ទាប់​ពី​ប្រទេស​ចិន អាមេរិក វៀតណាម និង​ថៃ។

អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា អ្នកឧកញ៉ាលឹម ហេង ​បានមានប្រសាសន៍ឲ្យដឹងថា ទំនាក់​ទំនង​ល្អ​រវាង​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​នៃ​ប្រទេស​ទាំង២ បាន​ជួយឱ្យ​សកម្មភាព​នៃ​ការ​ផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង២ កើន​ឡើង​ជា​បន្ត​បន្ទាប់ ពិសេស​ការ​នាំ​ចេញ​របស់​កម្ពុជា។ 

លោក​បន្ត​ថា “ដើម្បី​ជំរុញ​ការ​នាំចេញ​ទំនិញ ​ពី​កម្ពុជា​ទៅ​ប្រទេស​ជប៉ុនឱ្យ​បាន​កាន់​តែ​ច្រើន នា​ពេល​កន្លង​មក​សភា​ពា​ណិជ្ជកម្ម​កម្ពុជា ​ក៏​បាន​បើក​ការិយាល័យតំណាង​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ជប៉ុន​ផងដែរ​”។ លោកបន្តថា “ការិយាល័យ​តំណា​ង​មាន​តួនាទី​ ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ ​ពី​ផលិតផល​កម្ពុជា​សម្រា​ប់​នាំចេញ និង​ជួយ​ទាក់​ទាញ​វិនិយោគិន​ជប៉ុន​ ឱ្យ​ចូល​មក​បើក​អាជីវកម្ម ឬ​រោងចក្រ​ផលិត​នៅកម្ពុជា ​ដើម្បី​ចេញ​ទៅ​ទីផ្សារ​ជប៉ុន និង​ប្រទេស​ជាច្រើន​ទៀត​លើ​ពិភពលោក”។

លោក​បាន​ថ្លែង​ថា “ដោយសារ​បរិមាណ​ផលិតកម្ម​ និង​គុណភាព​ទំនិញ​កម្ពុជា ​កាន់​តែ​មាន​លក្ខណៈ​ស្តង់ដារ ដូច្នេះ​ខ្ញុំ​មាន​ជំនឿ​ថា ការ​នាំ​ចេញ​ទំនិញ​ទៅ​ប្រទេស​ជប៉ុន និង​គោលដៅផ្សេងៗ​ លើ​ពិភពលោក​ប្រាកដ​ជា​នឹង​កើន​ឡើង”៕