សមិទ្ឋផលសំខាន់ៗចំនួន៣ ដែលចំណាយទុនវិនិយោគ ៦២លានដុល្លារបានបើកសម្ភោធ

ដោយៈ និស្ស័យ

ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងអភិវឌ្ឍន៍ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី។សម្តេចបានសរសេរលើ បណ្តាញទំនាក់ទំនងសង្គមរបស់ខ្លូនថា នៅថ្ងៃនេះ ក្រុងសែនមនោរម្យ និងស្រុកអូររាំង នៃខេត្តមណ្ឌលគិរី ទទួលបាននូវសមិទ្ធផលធំៗចំនួន៣ គឺទំនប់អូរតេធិបតី ដែលនៅចំពោះមុខនេះ ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ដោយចំណាយថវិកាសរុបប្រមាណ៦២លានដុល្លារអាមេរិក ក្រោមក្របខ័ណ្ឌឥណទានមូលនិធិ ទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេចធិបតីបានបញ្ជាក់ថា “សមិទ្ធផលនេះ បានកើតឡើង មិនមែនជាការចៃដន្យនោះទេ គឺបានមកពីកិច្ចខិតខំប្រឹងប្រែង និងសាមគ្គីភាព រួមទាំងការឯកភាពផ្ទៃក្នុង ជាពិសេសកិច្ចសហការ ដ៏ល្អប្រពៃរវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំង អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ហើយក៏បានស្តែងចេញនូវសមិទ្ធផលជាច្រើននៅ ទូទាំងប្រទេសនិយាយជារួម និងនិយាយដោយឡែក សមិទ្ធផលនៅខេត្តមណ្ឌលគិរី”។

គម្រោងអភិវឌ្ឍន៍ធនធានទឹក សម្រាប់ពហុវិស័យនៅក្នុងខេត្តមណ្ឌលគិរីនេះ គឺជាផ្នែកមួយនៃផែនការមេ របស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីផ្គត់ផ្គង់ធនធានទឹកដល់គ្រប់វិស័យបម្រើដល់សេចក្តី ត្រូវការរបស់ខេត្ត ហើយបណ្តាអាងទឹកក្នុងតំបន់នេះ ក៏នឹងទាក់ទាញកំណើនទេសចរផងដែរ ៕

ខេត្តមណ្ឌលគិរី ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ តុលា ២០២៤៕