ខេត្តព្រះសីហនុទទួលបានគំរោងវិនិយោគថ្មីតម្លៃក្រោម ៥លានដុល្លារអាមេរិក

ដោយៈ និស្ស័យ

ព្រះសីហនុៈ គម្រោងវិនិយោគ បង្កើតរោងចក្រផលិតឧបករណ៍សណ្តោងរឺម៉ក ឧបករណ៍សណ្តោងយានយន្ត និងសម្ភារៈបរិក្ខារ សម្រាប់តម្លើងខ្ចូសចល័ត ដែលមានដើមទុនក្រោម ៥លានដុល្លារអាមេរិក របស់ក្រុមហ៊ុន FORECOME(CAMBODIA) CO., LTDបានទទួលការអនុម័តពីថ្នាក់ដឹកនាំខេត្តព្រះសីហនុ។

គំរោងនេះមានទីតាំង ស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង បានស្នើសុំចុះបញ្ជីជាគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងការលើកទឹកចិត្ត តាមរយៈអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ត្រូវបានពិនិត្យ និងអនុម័ត ព្រមទាំងចុះហត្ថលេខាលើវិញ្ញាបនបត្រ ចុះបញ្ជីជាគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងថ្ងៃតែមួយដោយ លោកម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ។

ក្រុមហ៊ុន FORECOME(CAMBODIA) CO., LTD. បានស្នើសុំចុះបញ្ជីជាគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងការលើកទឹកចិត្ត តាមរយៈអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។

យោងអនុក្រឹត្យលេខ១២០ អនក្រ.បក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត។ អនុក្រឹត្យនេះណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត ត្រូវបង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ជាសេនាធិការឱ្យរដ្ឋបាលរាជធានី-ខេត្ត ដើម្បីជាយន្តការក្នុងការពិនិត្យសម្រេច លើការវិនិយោគឯកជន និងការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគ។

ក្នុងជំពូកទី៥ មាត្រា៩ បានចែងថាគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើប្រតិភូកម្មសិទ្ធិអំណាចជូនមន្ទីរ-អង្គភាពខ្សែបណ្តោយរបស់ក្រសួង ស្ថាប័ននៅថ្នាក់រាជធានី-ខេត្ត ឬរដ្ឋបាលរាជធានី-ខេត្ត ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីសម្រេចលើកិច្ចការពាក់ព័ន្ធដល់ការចេញលិខិតអនុញ្ញាត អាជ្ញាបណ្ណនានា ក្នុងការចុះបញ្ជីគម្រោងវិនិយោគ ការផ្ដល់ការលើកទឹកចិត្ត ការធានា ការទិញ ការលក់ ការរួមបញ្ចូលគ្នា ការលុបគម្រោង និងការដោះស្រាយវិវាទវិនិយោគដែលមានទុនវិនិយោគ សមមូលនឹង៥ (ប្រាំ)លានដុល្លារអាមេរិកចុះ។

អនុលោមតាមច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងការប្រតិភូកម្មសិទ្ធអំណាចមករដ្ឋបាល រាជធានី-ខេត្ត គិតត្រឹមឆ្នាំ២០២៤ គម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សរុបមានចំនួន១៣៨គម្រោង មានទុនវិនិយោគ១៨.២៨៥.៩១៥.៤៩០,៧០ដុល្លារអាមេរិក។ គិតត្រឹមឆ្នាំ២០២៤ គម្រោងវិនិយោគដែលបានចុះបញ្ជី នៅអនុគណៈកម្មាធិការវិនិយោគ សរុបមានចំនួន១០គម្រោង មានទុនវិនិយោគ១៤.២៤២.៤៣៥ដុល្លារអាមេរិក។

យោងច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់នូវយន្តការនៃការពិនិត្យ សម្រេចលើការ វិនិយោគ និងការដោះស្រាយវិវាទ ពាក់ព័ន្ធនឹងគម្រោងវិនិយោគ តាមរយៈការធ្វើប្រតិភូកម្ម ទៅរដ្ឋបាលរាជធានី-ខេត្ត តាមការសម្រេចរបស់រាជរដ្ឋាភិបាល ដោយបង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត តាមរយៈអនុក្រឹត្យដោយឡែក។

មិនតែប៉ុណ្ណោះ ច្បាប់នេះបានបំព្រួញពេលវេលា ក្នុងការចេញវិញ្ញាបនបត្រចុះបញ្ជី ពី៣១ថ្ងៃនៃថ្ងៃធ្វើការ មកត្រឹម២០ថ្ងៃនៃថ្ងៃធ្វើការ តាមរយៈការលុបបំបាត់ វិញ្ញាបនបត្រចុះបញ្ជីមានលក្ខខណ្ឌ និងវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដោយជំនួសមកវិញនូវការចេញវិញ្ញាបនបត្រចុះបញ្ជីតែមួយគត់។

ដូច្នេះចាប់ពីថ្ងៃស្នើសុំចុះបញ្ជីរបស់ក្រុមហ៊ុន ការចុះពិនិត្យ និងការដាក់ប្រជុំឆ្លងការអនុម័ត អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ មានរយៈពេល៩ថ្ងៃគត់ គឺលឿនជាងរយៈពេលដែលបានកំណត់ដោយច្បាប់៕