មន្រ្តីក្រសួងពាណិជ្ជកម្មផ្តោតលើការអភិវឌ្ឍពាណិជ្ជកម្មឌីជីថលឆ្ពោះទៅឆ្នាំ២០៣០

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា បានដឹកនាំកិច្ចប្រជុំពិភាក្សាអន្តរក្រសួង-ស្ថាប័ន ក្នុងគោលបំណងប្រមូលយោបល់ និងធាតុចូល ដើម្បីអភិវឌ្ឍន៍ស​សរស្តម្ភទី៤ស្តីពីការជំរុញ និងការអភិវឌ្ឍពាណិជ្ជកម្មឌីជីថល នៃក្របខណ្ឌ គោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០។

ក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០ គ្រោងនឹងមានសសរស្តម្ភចំនួន៦ រួមមាន៖ សសរស្តម្ភទី១៖ ការធ្វើសមាហរណកម្មពាណិជ្ជកម្ម ទៅក្នុងសេដ្ឋកិច្ចពិភពលោក សសរស្តម្ភទី២៖ ការពង្រឹងភាពប្រកួតប្រជែងពាណិជ្ជកម្មក្នុងទីផ្សារសកល។ សសរស្តម្ភទី៣៖ ការលើកកម្ពស់ពាណិជ្ជកម្ម ប្រកបដោយបរិយាប័ន្ន និងចីរភាព។

សសរស្តម្ភទី៤៖ ការជំរុញ និងការអភិវឌ្ឍពាណិជ្ជកម្មឌីជីថល, សសរស្តម្ភទី៥៖ ការអភិវឌ្ឍពាណិជ្ជកម្មតាមវិស័យគោលដៅ, និង សសរស្តម្ភទី៦៖ ការត្រៀមខ្លួនសម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច។

ក្នុងនោះ សសរស្តម្ភទី៤ នៃក្របខណ្ឌគោលនយោបាយនេះ ផ្តោតសំខាន់ទៅលើ ពាណិជ្ជកម្មឌីជីថល ដែលកំពុងដើរតួយ៉ាងសំខាន់ ក្នុងការធ្វើសមាហរណកម្ម ក្នុងសេដ្ឋកិច្ចឌីជីថលសកល។ ការជំរុញ និងការអភិវឌ្ឍពាណិជ្ជកម្មឌីជីថលមានសារៈសំខាន់ខ្លាំង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងជាចលករក្នុងការបង្កើនប្រសិទ្ធភាពពាណិជ្ជកម្មរបស់កម្ពុជា ក្នុងការជ្រៀតចូលទីផ្សារ និងពង្រឹងភាពប្រកួតប្រជែង ឱ្យកាន់តែប្រសើរឡើង ដោយលើកកម្ពស់នវានុវត្តក្នុងអាជីវកម្ម ការផ្លាស់ប្តូរបែបឌីជីថល បរិយាប័ន្ន និងការអភិវឌ្ឍប្រកបដោយចីរភាព។

សសរស្តម្ភទី៤ នេះក៏បានគិតគូរួមបញ្ចូលការចរចា ដែលកំពុងបន្តក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល (DEFA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗទៀត ដែលមានខចែងពីពាណិជ្ជកម្មឌីជីថល ផងដែរ។

កិច្ចប្រជុំពិភាក្សាបានទទួលយោបល់ និងធាតុចូលសំខាន់ៗជាច្រើនពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ តាមរយៈពិភាក្សាជាក្រុម ដើម្បីរៀបចំជាអនុសាសន៍ គោលនយោបាយ និងយុទ្ធសាស្រ្តគោលដៅ សម្រាប់សសរស្តម្ភទី៤នេះ ស្របតាមតម្រូវការ និងអាទិភាពរបស់ក្រសួងពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធទាំងអស់៕