ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ទោះបីជាកម្ពុជា ប្រកាសដកខ្លួនពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) រួចហើយក្តី ក៏គោលនយោបាយរាជរដ្ឋាភិបាល ក្នុងការជំរុញអភិវឌ្ឍ នៅតាមបណ្តាខេត្តភូមិភាគឦសានរបស់កម្ពុជា គឺនៅតែរក្សាដដែល មិនមានការប្រែប្រួលទេ។
ការប្រកាសរបស់ សម្តេចធិបតីហ៊ុន ម៉ាណែត បានធ្វើឡើងតបតាមចម្ងល់ របស់ប្រជាពលរដ្ឋមួយចំនួន ដែលហាក់ព្រួយបារម្ភខ្លាច រាជរដ្ឋាភិបាល ឈប់អភិវឌ្ឍន៍បណ្តាខេត្តភូមិភាគឦសាសន្ត ដោយសារតែការដកខ្លួន ចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA។
តាមរយៈសារសំឡេងពិសេសមួយ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទោះមាន ឬមិនមានកិច្ចសហប្រតិបត្តិការ CLV-DTA រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តអភិវឌ្ឍតំបន់ភូមិភាគឦសាន នៃប្រទេសរបស់ខ្លួន ក៏ដូចជា ការធានានូវការការពារទឹកធី អធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ព្រោះនេះជាការចង់បានរបស់ប្រជាពលរដ្ឋខ្មែរច្រើនលើសលប់ ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅផ្ទាល់នៅក្នុង បណ្តាខេត្តភូមិភាគឦសានផ្ទាល់តែម្តង។
ដូច្នេះការបន្តគោលនយោបាយ ជំរុញអភិវឌ្ឍភូមិភាគឦសានរបស់កម្ពុជា គឺនៅរក្សាដដែលមិនមានការប្រែប្រួល ដោយរួមមានការបោះបង្គោលព្រំដែន ជាមួយប្រទេសជិតខាង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ជាពិសេសផ្លូវក្រវាត់ព្រំដែន និងការដាក់ចេញនូវកញ្ចប់លើកទឹកចិត្ត និងជំរុញការវិនិយោគខេត្តភូមិភាគឦសានឆ្នាំ២០២៥។
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីកិច្ចសហប្រតិបត្តិការ ដែលផ្តួចផ្តើមដោយកម្ពុជានេះ ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំកន្លងមក។ ការដកខ្លួនេះ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត។
ជាមួយនឹងសារសំឡេងថ្មីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណប្រជាពលរដ្ឋក្នុង និងក្រៅប្រទេស ដែលបានចូលរួមបរិច្ចាគថវិកាដោយស្ម័គ្រចិត្ត ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន កសាងផ្លូវខ្សែក្រវាតព្រំដែន ដែលគិតមកដល់ពេលនេះ មានប្រមាណ៧០ម៉ឺននាក់ហើយ ដែលគិតជាថវិកាប្រមាណ២១លានដុល្លារអាមេរិកផងដែរ។
សម្តេចបានបន្ថែមថា “វិភាគទាននេះ នឹងត្រូវយកទៅប្រើប្រាស់ លើការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន”។
សម្តេចធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់ថា ការកសាងផ្លូវក្រវាត់ព្រំដែន នៅជាប់ប្រទេសទាំង៣ ឡាវ-ថៃ-វៀតណាម បានចាប់ផ្តើមឡើង តាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ ហើយរហូតមកដល់បច្ចុប្បន្ន កម្ពុជាបានកសាងសម្រេចចំនួន ១៣០០គីឡូម៉ែត្រហើយ ដែលនៅសេសសល់ប្រមាណ១៣០០គីឡូម៉ែត្រទៀត នឹងត្រូវធ្វើបន្ត។
ដោយសង្កេតឃើញចលនានៃការបរិច្ចាគ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន នៅតែមានការចូលរួមជាហូរហែនោះ សម្តេចបានបញ្ជាក់ថា ក្រុមការងារនឹងបន្តទទួលថវិកា រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ហើយនៅពេលបិទបញ្ចប់ក្រុមការងារនឹងជម្រាបអំពីចំនួនទឹកប្រាក់ចុងក្រោយ និងផែនការច្បាស់លាស់ ដើម្បីប្រើប្រាស់ថវិកាទាំងនេះ។
ចំពោះការរៀបចំដំណើរទស្សនកិច្ច នៅខេត្តភូមិភាគឦសាន រៀងរាល់ចុងសប្តាហ៍ រហូតដល់ដំណាច់ឆ្នាំ២០២៤ សម្តេចក៏បានប្រកាសឱ្យបន្តរក្សាដដែល ដើម្បីឱ្យពលរដ្ឋបានទស្សនាជាក់ស្តែង នូវបណ្តាខេត្តភូមិភាគឦសាន របស់កម្ពុជាយើង៕