ទំហំពាណិជ្ជកម្មកម្ពុជា អាមេរិក សម្រេចបានទឹកប្រាក់ជិត ៧០០០លានដុល្លារ ក្នុងរយៈពេលជិត ៣ត្រីមាស

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ រយៈ​ពេល៨​ខែ​ដើម​ឆ្នាំ​២០២៤ ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាងប្រទេសកម្ពុជា និងអាមេរិក សម្រេចបានទឹកប្រាក់​សរុប​ជិត ៧​ពាន់​លាន​ដុល្លារ។​

ជាមួយនឹងវិសាលភាព កាន់តែប្រសើរលើទំនាក់ទំនងពាណិជ្ជកម្ម ប្រទេសទាំងពីរ គណៈ​ប្រតិភូ​សភា​ពាណិជ្ជកម្ម​កម្ពុជា ដែល​ដឹកនាំ​ដោយ លោកតាន់ មុនីវណ្ណ អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​ដឹកនាំ​តំណាង​ក្រុមហ៊ុន​នៅ​កម្ពុជា​ជាង ៥០​ ទៅ​បំពេញ​ទស្សនកិច្ច​ធុរកិច្ច​ នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក ចាប់ពី​ថ្ងៃ​ទី​១៧-២១ ខែ​កញ្ញា ទៅ​ចូល​រួម​ក្នុង​ជំនួប​ពាណិជ្ជកម្ម​កម្ពុជា ​-​អាមេរិក ឆ្នាំ​២០២៤កន្លងមកនេះ​។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ នឹង​មាន​កម្ម​វិធី​ជំនួប​ពាណិ​ជ្ជកម្ម​កម្ពុជា-​អាមេរិក ការ​ធ្វើ​បទ​បង្ហាញ​ស្តីពី ​និន្នាការ​ទីផ្សារ អនុលោមភាព​បទ​ប្បញ្ញត្តិ និង​ប្រព័ន្ធ​ភស្តុភារ ដែល​ជា​ព័ត៌មាន​គន្លឹះ​សម្រាប់​ធុរជន​កម្ពុជា ក្នុង​ការ​នាំ​ផលិតផល​ចូល​ក្នុង​ទីផ្សារ​អាមេរិក។ ផលិតផល​សំខាន់​ៗ ដែល​កម្ពុជា​យក​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​ជំនួប​ពាណិជ្ជកម្ម​នេះ មាន​ដូច​ជា អង្ករ ម្រេច គ្រាប់ស្វាយចន្ទី ដំណាប់​ផ្លែឈើ ខ្ញី ដំឡូងជ្វា ត្រីងៀត ទឹកត្រី អំបិល និង ផលិតផល​បង្កក​(ទុរេន និងមៀន) ជា​ដើម​។

ទន្ទឹម​នឹង​នេះ គណៈ​ប្រតិភូ​សភា​ពាណិជ្ជកម្ម​កម្ពុជា ក៏​នឹង​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ផ្សារទំនើប និង​ក្រុមហ៊ុន​ចែកចាយ​ផលិតផល​នៅ​ទីផ្សារ​អាមេរិក ​ដើម្បី​ស្វែង​យល់​ពី​តម្រូវការ​ទីផ្សារ និង​ខ្សែច្រវាក់​ផ្គត់ផ្គង់។ នេះ​បើ​តាម CCC។

អគ្គ​នាយក​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក ងួន ម៉េងតិច បានមានប្រសាសន៍ថា សភា​ពាណិជ្ជកម្ម​កម្ពុជា​ធ្លាប់​បាន​ធ្វើ​កម្មវិធី​បែប​នេះ​ជា​ច្រើន​ដង​ហើយ ​ចាប់​តាំង​ពី​ឆ្នាំ​២០១១ ដោយ​ក្នុង​ជំនួប​ម្តងៗ ​តែងតែ​មាន​ការ​ពិភាក្សា​គ្នា ​ដើម្បី​ធ្វើ​យ៉ាង​ណា​ជំរុញ​ការ​នាំ​ចេញ​ទំនិញ​កម្ពុជា​ ពិសេស​ផលិតផល​កសិកម្ម​ទៅ​ទីផ្សារ​អាមេរិក ឱ្យ​បាន​កាន់​តែ​ច្រើន​។

លោក​ថ្លែង​ថា “​យើង​រំពឹង​ថា​ជំនួប​នេះ នឹង​ផ្តល់​ផល​វិជ្ជមាន​សម្រាប់​ការ​នាំ​ចេញ​ផលិតផល​កម្ពុជា ​ទៅ​កាន់​ទីផ្សារ​អាមេរិក ខណៈទំហំ​ពាណិជ្ជកម្ម ​រវាង​ប្រទេស​ទាំង២ បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​។

យោងតាមទិន្នន័យ​ដែល​កត់​ត្រា​ ដោយ​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE)​ ឱ្យ​ដឹង​ថា ចន្លោះ​ពី​ខែ​មករា​-​សីហា ឆ្នាំ​២០២៤ ការ​នាំ​ចេញ​-​នាំចូល​ទំនិញ​រវាង​កម្ពុជា​-​អាមេរិក មាន​ទឹក​ប្រាក់​សរុប៦,៩២​ពាន់​លាន​ដុល្លារ កើន​ឡើង១០,៤​ភាគរយ​ បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣ ដែល​មាន ៦,២៧​ពាន់​លាន​ដុល្លារ​៕