តើមានកត្តាសំខាន់ៗអ្វីខ្លះ អាចធ្វើឱ្យម៉ាឡេស៊ីក្លាយជាប្រទេសខ្លាសេដ្ឋកិច្ចនៅតំបន់អាស៊ី?

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោក Nga Kor Ming រដ្ឋមន្ត្រី​ក្រសួង​លំនៅដ្ឋាន ​លើកឡើង​ថា ប្រទេស​ម៉ាឡេស៊ី​ កំពុង​បោះជំហានទៅ​មុខ​ឆ្ពោះទៅក្លាយ​ជា “ខ្លា​អាស៊ី” ខណៈប្រទេសនេះ មានគុណសម្បត្ដិ​ពិសេស​ចំនួន៥ ដើម្បី​ទាក់ទាញ​ទុនវិនិយោគ​ពី​បរទេស។

លោកបន្តថា ស្ថិរភាពនយោបាយរបស់ម៉ាឡេស៊ី ជាចំណុ​ចសំខាន់ ក្នុងការទាក់ទាញការវិនិយោគ។ លោកកត់សម្គាល់ថា រដ្ឋាភិបាលបានផ្តល់ការណែនាំច្បាស់លាស់ តាមរយៈការដាក់ចេញផែនការយុទ្ធសាស្ត្រជាច្រើន រួមទាំងផែនការមេឧស្សា​​ហកម្មថ្មីឆ្នាំ២០៣០ និងផែនទីចង្អុលផ្លូវផ្លាស់ប្តូរ ទៅរកថាមពលថ្មី។

លោកបានអះអាងថា ផែនការមេទាំងនេះ បានផ្តល់លទ្ធផលរួចមកហើយ តាមរយៈការសម្រេចបាន កំណើនសេដ្ឋកិច្ចលើសពីការរំពឹងទុក ក្នុងរយៈពេល២ត្រីមាសចុងក្រោយ និងជំរុញឱ្យស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា បង្កើនការវាយតម្លៃខ្ពស់លើទីផ្សារម៉ាឡេស៊ី។ ការណ៍នេះធ្វើឱ្យម៉ាឡេស៊ី ក្លាយជាគោលដៅវិនិយោគបរទេសដ៏ទាក់ទាញ។

លើសពីនេះទៀត លោក Nga Kor Ming បានគូសបញ្ជាក់ថា“ ភាពចម្រុះនៃវប្បធម៌ របស់ប្រទេសម៉ាឡេស៊ី បានជួយសម្រួល ដល់ការធ្វើសមាហរណកម្មយ៉ាងងាយស្រួល សម្រាប់ក្រុមអ្នកវិនិយោគបរទេស ជាមួយនឹងរបាំងភាសាតិចតួចបំផុត”។

លោក​បាន​បន្ត​ថា​ “វត្តមាន​នៃ​សាលា​អន្តរជាតិ ​ប្រកបដោ​យ​គុណភាព​ខ្ពស់ ​ក៏​អាច​លើកទឹកចិត្តឱ្យអ្នក​វិនិយោគ ​ងាយ​ស្រួល​ ក្នុង​ការ​ផ្លាស់​ប្តូរ​ទីលំនៅរបស់គ្រួសារ និង​កសាងផ្ទះ​ទី​២របស់​ពួកគេ​នៅ​ម៉ាឡេស៊ី”។

ទោះជាយ៉ាងណាក្តី លោក Nga បានកត់សម្គាល់ពីសារៈសំខាន់ នៃការការពារសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ស្របពេលមាន លំហូរវិនិយោគផ្ទាល់ពីបរទេស ដោយលោកបន្ថែមថា ក្រុមហ៊ុនបរទេសមិនគួរផ្ទេរឧស្សាហកម្ម មិនចាំបាច់ទៅកាន់ម៉ាឡេស៊ីឡើយ។

លោកបានពន្យល់ថា “នៅពេលដែលក្រុមហ៊ុនចិនបណ្តាក់ទុនវិនិយោគ នៅប្រទេសម៉ាឡេស៊ី ពួកគេគួរតែជួលបុគ្គលិកក្នុងស្រុកចំនួន៥០ភាគរយ និងអនុញ្ញាតឱ្យក្រុមហ៊ុនក្នុងស្រុកកាន់កាប់ភាគហ៊ុន៥០ភាគរយ”។

លោកបានបន្ថែមថា “នេះជារឿងសំខាន់ណាស់។ យើងស្វាគមន៍ ចំពោះការវិនិយោគពីបរទេស ប៉ុន្តែក្រុមហ៊ុនក្នុងស្រុករបស់យើង ក៏ត្រូវតែទទួលបានការការពារ និងទទួលបានអត្ថប្រយោជន៍ ពីការវិនិយោគទាំងនេះ តាមរយៈការច្របាច់រួមបញ្ចូលគ្នាជាយុទ្ធសាស្ត្រ”៕