ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្នើរដ្ឋាភិបាលកូរ៉េខាងត្បូង ជំរុញឱ្យវិនិយោគិនកូរ៉េមកវិនិយោគបន្ថែមទៀតនៅកម្ពុជា ដោយលោកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំការពារវិនិយោគិនកូរ៉េ និងធានានូវសុខសន្តិភាពជារួម សម្រាប់អ្នកវិនិយោគពីបរទេសទាំងអស់។
សម្តេចបានស្នើដូច្នេះ ក្នុងជំនួបជាមួយ លោក Woo Won-Shik ប្រធានរដ្ឋសភាកូរ៉េខាងត្បូង ក្នុងឱកាសលោកចូលរួមវេទិកាចំណេះដឹងពិភពលោក លើកទី២៥ នៅកូរ៉េខាងត្បូង នាថ្ងៃទី១០ កញ្ញា។
សេចក្តីប្រកាសព័ត៌មានបង្ហោះ ក្នុងបណ្ដាញសង្គមលោកប្រធានព្រឹទ្ធសភា នាថ្ងៃដដែលបានបញ្ជាក់ថា សម្ដេចក៏បានអបអរសាទរ ចំពោះការកើនឡើងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលធ្វើឱ្យទំហំពាណិជ្ជកម្ម [កម្ពុជា-កូរ៉េ] មានការកើនឡើង ហើយសូមថ្លែងអំណរគុណ និងសូមឱ្យរដ្ឋាភិបាលកូរ៉េជំរុញឱ្យអ្នកវិនិយោគទុន [កូរ៉េ] ច្រើនថែមទៀតទៅកម្ពុជា»។
សម្តេចហ៊ុន សែន បានរំឭកថា លោក និងលោក មូន ជេអ៊ីន (Moon Jae-in) អតីតប្រធានាធិបតីកូរ៉េខាងត្បូង បានពិភាក្សាគ្នា និងជំរុញឱ្យមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ដោយលោកបញ្ជាក់ថា ពេលនេះរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា និងរដ្ឋាភិបាលកូរ៉េខាងត្បូង បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។
សម្តេចរំលឹកថា កិច្ចព្រមព្រៀងបង្កើតតំបន់សេដ្ឋកិច្ចពិសេស (SEZ) សម្រាប់ក្រុមហ៊ុនកូរ៉េ នៅកម្ពុជាអាចនឹងចេញជារូបរាង ដែលបង្កលក្ខណៈឱ្យអ្នកវិនិយោគកូរ៉េខាងត្បូង មកវិនិយោគនៅកម្ពុជា និងមានការកើនឡើង សម្រាប់ធ្វើការកែច្នៃ និងនាំចេញទៅកាន់ប្រទេសកូរ៉េខាងត្បូងវិញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល។
សម្តេចតេជោហ៊ុន សែន ថ្លែងបញ្ជាក់ថា “រាជរដ្ឋាភិបាលអាណត្តិថ្មីរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងខិតខំការពារអ្នកវិនិយោគកូរ៉េ និងខិតខំប្រឹងប្រែង ដើម្បីការពារធានានូវសុខសន្តិភាពជារួម សម្រាប់អ្នកវិនិយោគពីបរទេសទាំងអស់”។
លោក Woo Won-Shik បានសម្ដែងការពេញចិត្ត និងរីករាយ ចំពោះការកើនឡើងនូវទំនាក់ទំនង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ដែលទំហំពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរមានការកើនឡើងយ៉ាងខ្លាំង ហើយការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកន្លងមកនេះ បានបង្កលក្ខណៈកាន់តែងាយស្រួល សម្រាប់ក្រុមហ៊ុនកូរ៉េប្រមាណ២០០ក្រុមហ៊ុនបានទៅចូលរួមវិនិយោគ នៅក្នុងប្រទេសកម្ពុជាកន្លងមក។
សេចក្តីប្រកាសព័ត៌មានបន្តថា លោក Woo Won-Shik បានស្នើសម្តេចតេជោហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា គាំទ្រ និងសម្រួល ដល់ការវិនិយោគរបស់ប្រទេសកូរ៉េ ខាងផងដែរ ដើម្បីអាចមានលទ្ធភាព និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងការបង្កើនការវិនិយោគនៅកម្ពុជាថែមទៀត។
លោក Woo Won-Shik ថ្លែងថា ចំពោះការឯកភាពគ្នាបង្កើត SEZសម្រាប់ ក្រុមហ៊ុនកូរ៉េ ដែលបានព្រមព្រៀងក្នុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតីហ៊ុន ម៉ាណែត ទៅកាន់កូរ៉េខាងត្បូង កាលពីពេលកន្លងមកនេះ ខាងភាគីកូរ៉េនឹងរៀបចំបង្កើតSEZនេះឱ្យចេញជារូបរាង។
ក្នុងរយៈពេល ៨ខែដំបូងក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូងមានជាង៥៥៦លានដុល្លារ កើនឡើង១០ភាគរយ។ ក្នុងនោះ ការនាំចេញមានជាង២១៨លានដុល្លារ កើនឡើង១៥ភាគរយ ខណៈការនាំចូលពីកូរ៉េខាងត្បូងមានជាង៣៣៧លានដុល្លារ កើន៧ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕