ហេតុអ្វីសិង្ហបុរីមានបំណងទិញថាមពលអគ្គិសនីពីកម្ពុជា និងប្រទេសជាច្រើនទៀត?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងសិង្ហបុរីកំពុងស្វែងរកប្រភពថាមពលស្អាត ដើម្បីបំពេញកំណើនតម្រូវការ ស្របពេលមជ្ឈមណ្ឌលរក្សាទុកទិន្នន័យធំៗត្រូវបានបង្កើតឡើងនៅក្នុងប្រទេសមានផ្ទៃដីដ៏តូចមួយនេះ។

ដើម្បីបំពេញតម្រូវការ រដ្ឋាភិបាលសិង្ហបុរីបានផ្តល់ការអនុម័តតាមលក្ខខណ្ឌរួចមកហើយក្នុងការនាំចូលថាមពលទំហំ១ជីហ្គាវ៉ាត់ពីប្រទេសកម្ពុជា ២ជីហ្គាវ៉ាត់ពីប្រទេសឥណ្ឌូនេស៊ី និង១,២ជីហ្គាវ៉ាត់ពីប្រទេសវៀតណាម។

ថ្មីៗនេះ ប្រទេសអូស្ត្រាលីក៏បានប្រកាសលក់ថាមពលអគ្គិសនីផលិតចេញពីពន្លឺព្រះអាទិត្យចំនួន២ជីហ្គាវ៉ាត់ (GW) ដល់ប្រទេសសិង្ហបុរីតាមរយៈខ្សែកាបក្រោមបាតសមុទ្រ។

ប្រទេសសិង្ហបុរីមានគោលបំណងសម្រេចបានការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ២០៥០។ ប៉ុន្តែបច្ចុប្បន្ន ប្រទេសនេះនៅតែពឹងផ្អែកខ្លាំងលើការនាំចូលប្រេង និងឧស្ម័ន។

ទីក្រុងសិង្ហបុរីខ្វះខាតលក្ខខណ្ឌក្នុងការផលិតថាមពលដើរដោយខ្យល់ ឬទំនប់វារីអគ្គិសនី ដោយសារតែសិង្ហបុរីមានទំហំផ្ទៃដីតូច។ ដូច្នេះ គោល​បំណង​របស់សិង្ហបុរី ក្នុងការផលិត​ឱ្យបានថាមពល​​២ជីហ្គាវ៉ាត់​ចេញពី​បន្ទះសូឡា​ដំឡើង​ក្នុង​ស្រុក​ត្រឹម​ឆ្នាំ២០៣០ក៏ពិបាកសម្រេចបានជោគជ័យដែរ។

ទន្ទឹមនឹងនោះ តម្រូវការរំពឹងថា នឹងកើនឡើងយ៉ាងគំហុក ជាពិសេសតម្រូវការរបស់មជ្ឈមណ្ឌលរក្សាទុកទិន្នន័យ គ្របដណ្តប់ចំណែក៧ភាគរយនៃការប្រើប្រាស់ថាមពលអគ្គិសនីសរុបរបស់ប្រទេសសិង្ហបុរីរួចមកហើយ។

ការនាំចូលថាមពលអាចកើតឡើងវិញត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់យ៉ាងតិចណាស់៣០ភាគរយនៃតម្រូវការថាមពលអគ្គិសនីរបស់ប្រទេសសិង្ហបុរីនៅឆ្នាំ២០៣៥។នេះបើយោងតាមស្ថាប័នស្រាវជ្រាវថាមពល Ember៕ប្រភព: The Star ៕