ថ្នាក់ដឹកនាំធនាគារ SMBC បង្ហាញឆន្ទៈវិនិយោគរយៈពេលវែងនៅកម្ពុជា

        ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ លោក Katsufumi Uchida នាយកគ្រប់គ្រង និងជានាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃធនាគារ Sumitomo Mitsui Banking Corporation (SMBC)បានបង្ហាញឆន្ទៈវិនិយោគរយៈពេលវែងនៅកម្ពុជា។

ព័ត៌មាននេះ ត្រូវបានលើកឡើងដោយថ្នាក់ដឹកនាំធនាគារខាងលើ ក្នុងជំនួបជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជានាព្រឹកថ្ងៃទី៩ កញ្ញាកន្លងមកនេះ។

ក្នុងជំនួបនេះ លោក Katsufumi បានជម្រាបជូនអំពីវឌ្ឍនភាព នៃការចូលរួមចំណែករបស់ធនាគារ SMBC ក្នុងវិស័យធនាគារនៅកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគ ជាមួយធនាគារអេស៊ីលីដា ភីអិលស៊ី និងវត្តមានការិយាល័យតំណាង SMBCនៅកម្ពុជា ដែលធ្វើប្រតិបត្តិការប្រមូល និងស្រាវជ្រាវព័ត៌​មាននានា សម្រាប់វិភាគ និងរៀបចំដាក់ចេញយុទ្ធសាស្រ្តសមស្របទៅនឹងស្ថានភាពសេដ្ឋកិច្ច។

លោក Katsufumi បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តប្រកប​ដោយទស្សនៈវិស័យវែងឆ្ងាយរបស់ SMBC ក្នុងការរួមចំណែកអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា តាមរយៈការវិនិយោគ នៅក្នុងគ្រឹះស្ថានធនាគារ និងការលើកកម្ពស់សមត្ថភាពជំនាញ ក្នុងវិស័យនេះ។

ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានស្វាគមន៍ចំពោះការលើកឡើង របស់ធនាគារ SMBC អំពីឆន្ទៈក្នុងការវិនិ​យោគរយៈពេលវែងនៅកម្ពុជា និងបានលើកទឹកចិត្តឱ្យពិចា​រណា ពង្រីកប្រតិបត្តិការផ្ទាល់នៅកម្ពុជា កាន់តែទូលំទូលាយ ដោយបង្កើនទំហំប្រតិបត្តិការ ទៅជាគ្រឹះស្ថានហិរញ្ញវត្ថុ បន្ថែមលើវត្តមានការិយាល័យតំណាង ដែលកំពុងដំណើរការ ដើម្បីរួមចំណែកកាន់តែសកម្ម ​ក្នុងការជំរុញការវិនិយោគ និងពាណិ​ជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន។

ក្នុងឱកាសនោះដែរ លោកជំទាវទេសាភិបាល និងលោក Katsufumi ក៏បានលើកឡើងពីវឌ្ឍនភាព គម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនតាម ឃ្យូអរកូតរវាងប្រទេសទាំងពីរ ព្រមទាំងកិច្ចសហប្រតិបត្តិការ ក្នុងការវិនិយោគទុនបម្រុងអន្តរជាតិរបស់ធនាគារជាតិនៃកម្ពុជា លើសញ្ញាប័ណ្ណបៃតងជាដើមផងដែរ៕