ដោយៈ ម៉ាលីនណា
ម៉ុងរ៉េអាល់ៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោករដ្ឋ សារ៉ាវុធ បានទទួលជួបពិភាក្សាការងារ ជាមួយតំណាងក្រុមហ៊ុន Investissement Quebec International នៅទីស្នាក់ការក្រុមហ៊ុន ក្នុងទីក្រុងម៉ុងត្រេអាល ខេត្តហ្កេបិក ប្រទេសកាណាដា។
នៅក្នុងជំនួបកាលពីចុវសប្តាហ៍មុននេះ តាមការស្នើសុំពីតំណាងក្រុមហ៊ុន លោករដ្ឋលេខាធិការ បានពន្យល់យ៉ាងលម្អិតអំពីស្ថានភាពវិនិយោគនៅកម្ពុជា គោលនយោបាយ ច្បាប់ពាក់ព័ន្ធ ព្រមទាំងនីតិវិធីចាំបាច់ ក្នុងការគាំទ្រគម្រោងវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ ថាមពលបៃតង និងភស្តុភារកម្មនៅកម្ពុជា។
ក្នុងឱកាសនោះ ភាគីតំណាងក្រុមហ៊ុនបានបញ្ជាក់ថា ក្រុមហ៊ុនកំពុងសម្របសម្រួល ដឹកនាំគណៈប្រតិភូវិនិយោគិនហ្កេបិក ទៅធ្វើទស្សនកិច្ចសិក្សាឱកាសវិនិយោគ លើវិស័យខាងលើ នៅបណ្តាប្រទេសមួយចំនួន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នាពេលដ៏ខ្លីខាងមុខនេះ ក្នុងនោះក៏មានកម្ពុជាផងដែរ។
ក្រោយជំនួបនេះ លោករដ្ឋ សារ៉ាវុធបានបន្តមានជំនួបពីរផ្សេងគ្នាទៀតជាមួយ លោក Michael Goodman ដៃគូស្ថាបនិកក្រុមហ៊ុន Glen Ventures និង លោក Francis Baillet អនុប្រធានកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុន Ubisoft ដើម្បីពិភាក្សាលទ្ធភាពវិនិយោគ វិស័យវេជ្ជសាស្ត្រឌីជីថល និងអាជីវកម្មថ្មីឌីជីថល នៅកម្ពុជាផងដែរ៕