មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយស្តង់ដាដំឡូងមី និងពោត

ដោយៈ និស្ស័យ
បាត់ដំបងៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោកវ៉ា រុតសាន បានអញ្ជើញចូលរួមជាគណអធិបតី ក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយស្តង់ដាពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀត។

សិក្ខាសាលាផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាររបស់ក្រុមហ៊ុនស៊ី.ភី ខេមបូឌា ដែលមានការអញ្ជើញចូលរួមពី លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកអ៊ុយ សុធាវី អភិបាលរងនៃគណអភិបាលខេត្តបាត់ដំបង ឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជា លោកនី កន ប្រធានសម្ព័ន្ធដំឡូងមីខេត្តបាត់ដំបងជាដើម។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបញ្ជ្រាបចំណេះដឹង ដល់តួអង្គពាក់ព័ន្ធទាំងអស់ លើផលិតផលពោតក្រហម ដំឡូងមី ទៅលើផ្នែកគុណភាពផលិត និងបរិមាណទិន្នផល និងជ្រើសរើសវត្ថុធាតុដើម ចំពោះស្ថានភាពអាកាសធាតុពិភពលោកកំពុងមានការប្រែប្រួល ដូចជា គ្រោះរាំងស្ងួត និងសត្វចង្រៃបំផ្លាញដំណាំ ព្រមទាំងលក្ខខណ្ឌមួយចំនួន ដែលឆ្លើយតប នឹងតម្រូវការទីផ្សាររបស់ក្រុមហ៊ុនស៊ី.ភី ៕