ដោយ: គង់ លាងហួរ
អន្តរជាតិ: កម្ពុជាគ្រោងបើកការហោះហើរត្រង់ ទៅកាន់ទីក្រុងមែលប៊ន ដើម្បីពង្រឹងទំនាក់ទំនង ជាមួយអូស្ត្រាលីតាមរយៈការពង្រីកភាពជាដៃគូពាណិជ្ជកម្ម ការអប់រំ និងទេសចរណ៍ រួមទាំងកិច្ចសហការសាកលវិទ្យាល័យ និងឱកាសវិនិយោគ។
ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចមួយ នៅទីក្រុងស៊ីដនីកាលពីសប្តាហ៍មុន លោក ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី បានថ្លែងប្រាប់សារពត៌មាន This Week ថា លោកសង្ឃឹមថា នឹងមានការបង្កើតជើងហោះហើរត្រង់ រវាងកម្ពុជា និងអាកាសយានដ្ឋាន Avalon ក្នុងទីក្រុងមែលប៊ន។
គំនិតផ្តួចផ្តើមនេះ ស្របតាមការបើកដំណើរការព្រលានយន្តហោះអន្តរជាតិថ្មី នៅខេត្តសៀមរាប និងការរំពឹងទុកនៃការបើកព្រលានយន្តហោះអន្តរជាតិតេជោ នៅជិតរាជធានីភ្នំពេញនៅឆ្នាំ២០២៥ខាងមុខ។
ការបង្ហើបចំណាប់អារម្មណ៍របស់កម្ពុជា លើការបើកជើងហោះហើរ ទៅកាន់អាកាសយានដ្ឋាន Avalon កើតឡើង ស្របពេលមានការរីកចម្រើន ផ្នែកទំនាក់ទំនងរវាងកម្ពុជា និងទីក្រុង Geelong ដែលជាទីក្រុងធំទីពីររបស់រដ្ឋ Victoria បន្ទាប់ពីទីក្រុងមែលប៊ន។
លោកឯកអគ្គរាជទូត ជឺនបូរាណ ច័ន្ទបូរី បានមានប្រសា សន៍ឱ្យដឹង នៅក្រៅវេទិកាធុរកិច្ចអូស្ត្រាលី-អាស៊ានប្រចាំឆ្នាំថា ការតភ្ជាប់នេះ អាចផ្តល់ឱកាសសិក្សាថ្មី នៅតាមសាកលវិទ្យាល័យរបស់អូស្រ្តាលី ដល់និស្សិតកម្ពុជា និងទស្សនវិស័យទេសចរណ៍ថ្មី។
លោកបានបន្ថែមថា ទីក្រុង Geelong ជាច្រកចូលទៅកាន់តំបន់ទេសចរណ៍ Great Ocean Road ដ៏ពេញនិយមរបស់អូស្ត្រាលី ខណៈខេត្តសៀមរាប ជាមជ្ឈមណ្ឌលទេសចរណ៍របស់កម្ពុជា។
លោកបានបញ្ជាក់ថា “ទំនាក់ទំនងទ្វេរភាគីរវាងកម្ពុជា និងអូស្ត្រាលីបានរីកចម្រើន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ” ដោយបន្ថែមថា អូស្ត្រាលីជាប្រទេសទទួលជនភៀសខ្លួនមកពីកម្ពុជាធំជាងគេទី៣នៅលើពិភពលោក”៕ប្រភព: SCMP៕