ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជំនាញកម្ពុជា បានចូលរួមកិច្ចប្រជុំត្រីភាគីរវាងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីអនុវត្តគម្រោង(EAs/IAs) លើគម្រោងក្រោមកិច្ចសហប្រតិបត្តិការ ជំនួយហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន។
កិច្ចប្រជុំនេះមានការចូលរួមពីលោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានប្រតិបត្តិគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-ប៉ោយប៉ែត) បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំត្រីភាគី រវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(MEF) និងភាគីអនុវត្តគម្រោង (EAs/IAs) លើគម្រោងក្រោមកិច្ចសហប្រតិបត្តិការ ជំនួយហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឈួន សំរឹទ្ធិ អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក SANUI Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា ដោយមានការចូលរួមពីអន្តរក្រសួងពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនៃការអនុវត្តគម្រោង ដែលស្ថិតក្រោមជំនួយពីប្រទេសជប៉ុន។
ក្នុងនោះដែរ លោកប្រធាននាយកដ្ឋាន បានធ្វើបទបង្ហាញពីវឌ្ឍនភាព នៃការអនុវត្តគម្រោងផ្លូវជាតិលេខ៥ និងការសាទររបស់ប្រជាពលរដ្ឋ ចំពោះកំណាត់ផ្លូវជាតិលេខ៥ ដែលបានសាងសង់រួច និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពប្រមុខថា្នក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។
បន្ថែមពីនោះ បញ្ហាប្រឈមមួយចំនួន ក៏ត្រូវបានដោះស្រាយជាបន្តបន្ទាប់ ក្រោយកិច្ចសហការ ពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋានផ្ទាល់តែម្តង៕