ដោយៈ និស្ស័យ
ភ្នំពេញៈ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកអ៊ូអ៊ីណូ អាតស៊ូហ្ស៊ី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២៨ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន (The 28th Cambodia-Japan Joint Committee Meeting)។
កិច្ចប្រជុំនេះ ដឹកនាំដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន (METI) និងតំណាងក្រុមហ៊ុនជប៉ុន ដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជាជាច្រើនរូបផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ វត្តមានរបស់លោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា តំណាងក្រសួង-ស្ថាប័ន សមាគម អង្គការ និងវិស័យឯកជនជប៉ុន ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនាឱកាសនេះ។
លោកឧបនាយករដ្ឋមន្ត្រី បានបន្តដោយជម្រាបជូនអំពីកិច្ច សម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការទទួលស្ដាប់ និងចូលរួមស្វែងរកដំណោះស្រាយ ជូនដល់គ្រប់បណ្ដាវិនិយោគិន មិនគ្រាន់តែសម្រាប់វិនិយោគិនជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គ្រប់វិនិយោគិន ពីបណ្ដាប្រទេសផ្សេងៗទៀត ដែលបានជឿទុកចិត្តរាជរដ្ឋាភិបាល ដោយសម្រេចបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
បន្ថែមពីនេះ វឌ្ឍនភាពនៃការវិនិយោគឯកជនរយៈពេល១ឆ្នាំ នៃនីតិកាលទី៧ របស់រាជរដ្ឋាភិបាល និងកិច្ចខិតខំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សំដៅដល់ការសម្រួលកិច្ចការងារវិនិយោគ ក៏ត្រូវបានរំលេចឡើងនៅក្នុងអង្គប្រជុំនេះផងដែរ។
លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានស្ដាប់យ៉ាងយកចិត្តទុកដាក់ និងចូលរួមដោះស្រាយ នូវកង្វល់នានារបស់វិនិយោគិន ដែលបានលើកឡើងដោយវិនិយោគិនជប៉ុន ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះរវាងកម្ពុជា និងជប៉ុនកន្លងមក រហូតបានធ្វើឱ្យវេទិកាកិច្ចប្រជុំនេះ ក្លាយជាយន្តការគម្រូ ដែលនឹងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ ជាមួយបណ្ដាប្រទេសផ្សេងទៀតផងដែរ។
ឯកអគ្គរាជទូត បានលើកឡើងអំពីការមើលឃើញ នូវការផ្សព្វផ្សាយ យ៉ាងផុសផុលរបស់បណ្ដាញផ្សព្វផ្សាយ ក្នុងប្រទេសជប៉ុន អំពីសក្ដានុពលវិនិយោគនៅកម្ពុជា ជាលទ្ធផលក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខ ថ្នាក់ដឹកនាំកម្ពុជាដែលបានរៀបចំវេទិកាធុរកិច្ចរវាងកម្ពុជា-ជប៉ុន ក្រោមអធិបតីភាពសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងបន្ថែមពីនេះ មានដំណើរទស្សនកិច្ចទាក់ទាញវិនិយោគិន របស់លោកឧបនាយករដ្ឋមន្ត្រីផ្ទាល់ ដែលជំរុញទឹកចិត្តឱ្យរដ្ឋាភិបាលជប៉ុន ចូលរួមផ្សព្វផ្សាយអំពីការវិនិយោគនៅកម្ពុជា។
ក្នុងកិច្ចប្រជុំលើកទី២៨ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុននាឱកាសនេះ អង្គប្រជុំបានជជែកពិភាក្សាយ៉ាងផុសផុលលើប្រធានបទចំនួន១០ គ្របដណ្ដប់លើវិស័យពន្ធដារ ភស្ដុភារកម្ម ថាមពល ពាណិជ្ជកម្ម សន្តិសុខ និងធនធានមនុស្ស។ ក្នុងនោះដែរ លោកឧបនាយករដ្ឋមន្រ្តី បានជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវចូលរួមពិនិត្យសហការជាមួយភាគីពាក់ព័ន្ធ ដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមនានាដែលស្ថាប័នឯកជន បានស្នើឡើងឱ្យបានទាន់ពេលវេលា និងសម្រេចឱ្យបាននូវដំណោះស្រាយ ជាអតិបរិមាជូនដល់វិនិយោគិន ឱ្យបានមុនកិច្ចប្រជុំបន្ទាប់ នៅក្នុងរយៈពេល៦ខែខាងមុខ។
អាស្រ័យហេតុថា ការផ្តល់ដំណោះស្រាយ យ៉ាងឆាប់រហ័សបានទាន់ពេលវលា នឹងបង្កើនទំនុកចិត្តជូនដល់វិនិយោគិនដែលបានបណ្តាក់ទុននៅកម្ពុជា ក៏ដូចជាបង្កើនភាពទាក់ទាញដល់វិនិយោគិនថ្មីៗ ហើយការផ្សព្វផ្សាយអំពីផលវិជ្ជមានរបស់វិនិយោគិន កំពុងវិនិយោគនៅកម្ពុជានេះទៀតសោត គឺជាសក្ខីកម្មដ៏មានប្រសិទ្ធភាព ក្នុងការទាក់ទាញវិនិយោគិនថ្មីៗឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា បានកាន់តែច្រើនឡើងបន្ថែមទៀត។
កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា -ជប៉ុន ជាកិច្ចប្រជុំទ្វេភាគី ដែលជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដោយបានផ្តល់ឱកាសឱ្យអ្នកវិនិយោគជប៉ុន លើកឡើងនូវបញ្ហាប្រឈម និងសំណូមពរដោយផ្ទាល់ ជូនតំណាងរាជរដ្ឋាភិបាលកម្ពុជាពិនិត្យដំណោះស្រាយ ក្នុងគោលបំណងជំរុញការវិនិយោគជប៉ុននៅកម្ពុជា៕