រដ្ឋាភិបាលបានដាក់ចេញក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច សង្គមឌីជីថលដោយផ្តោតលើចំណុច៥ជាអាទិភាព

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោកចម និម្មលបានបញ្ជាក់ថា រដ្ឋាភិបាលបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥។

ការដាក់ចេញក្របខ័ណ្ឌគោលនយោបាយនេះ ធ្វើឡើងក្នុងគោលបំណង ទាញប្រយោជន៍ពីបច្ចេកវិទ្យា ក្នុងការជំរុញប្រសិទ្ធភាពសង្គម និងសេដ្ឋកិច្ច ដែលតាមរយៈក្របខ័ណ្ឌ និងគោលនយោបាយទាំងនេះ រាជរដ្ឋាភិបាលបានកំណត់គោលដៅ សំខាន់ៗចំនួនប្រាំរួមមាន៖ (១) ការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល។

 (២).ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តន៍ ឌីជីថល (៣)​ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល (៤) ការកសាងភាពជឿទុកចិត្ត ក្នុងប្រព័ន្ធឌីជីថល និង(៥). ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងបែបនេះ ក្នុងពេលអញ្ជើ​ញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្ដីពី “សេដ្ឋកិច្ចឌីជិថលនៅកម្ពុជា និងការចូលរួមចំណែ​​ករបស់មជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល និងសេដ្ឋកិច្ចប្រកប​ដោ​យចីរភាពនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ា”កាលពីថ្ងៃទី២ កញ្ញាកន្លងមកនេះ។

ដើម្បីទាញយកអត្ថប្រយោជន៍ ពីបរិវត្តកម្មឌីជីថលតាមរយៈមជ្ឈមណ្ឌល E-DISC ក្នុងសិក្ខាសាលានេះ ក៏ដូចជា នៅក្នុងការចូលរួមនាពេលអនាគតបន្តទៀត លោកជំទាវរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ដូចខាងក្រោម៖ (១). ត្រូវបង្កើនការយល់ដឹងរួមរបស់យើង អំពីប្រព័ន្ធអេកូទ្បូស៊ីឌីជីថលនៅកម្ពុជា និងនៅក្នុងបណ្តាប្រទេសអាស៊ានដទៃទៀត (២). ត្រូវមានសមត្ថភាពលើកកម្ពស់ គោលនយោបាយនវានុវត្តន៍ ដែលសម្រួលដល់  ការរីកចម្រើននិងការអភិវឌ្ឍឧស្សាហកម្ម និងក្រុមហ៊ុននានានៅក្នុងសេដ្ឋកិច្ចឌីជីថល។

(៣). ត្រូវដោះស្រាយបញ្ហាប្រឈម ដែលម្ចាស់ធរុកិច្ចបាននឹងកំពុងជួបប្រទះ តាមរយៈគំនិតផ្តួចផ្តើមមូលដ្ឋាន ដោយប្រើចំណេះដឹង និងជំនាញដែលទទួលបាន ពីសិក្ខាសាលានេះ  ដោយចាប់យកប្រព័ន្ធ អេកូទ្បូស៊ីសេដ្ឋកិច្ចឌីជីថល ឱ្យបានកាន់​តែទូលំទូលាយ។

លោកជំទាវចម និម្មលបានបញ្ជាក់ថា វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) និងពាណិជ្ជកម្មឌីជីថល (Digital Trade) នៅកម្ពុជាកំពុងមានសកម្មភាពភាពរស់រវើក និងមានការរីកចម្រើន មិនធ្លាប់មានពីមុនមក ក្រោយពេលជម្ងឺឆ្លងរាតត្បាតកូវីដ-១៩ បានផុតរលត់ទៅ ដែលបានឆ្លុះបញ្ចាំងពីថាមវ័ន្ត និងភាពធន់រឹងមាំនៃសេដ្ឋកិច្ចកម្ពុជា ដែលការរីកចម្រើនធំធាត់នៃវិស័យនេះ ត្រូវបានជំរុញនិងគាំទ្រ ដោយសហគ្រិន ដែ​លមានគំនិតច្នៃប្រឌិត ប្រជាជនវ័យក្មេង និងការកើនទ្បើង នូវកម្រិតអន្តរទំនាក់ទំនងឌីជីថល (Digital Interconnection)៕