ការសិក្សា: សហរដ្ឋអាមេរិក និងចិនជាប្រទេសសាងសង់សណ្ឋារគារច្រើនជាងគេបំផុតនៅលើពិភពលោក

ដោយ: គង់ លាងហួរ

អន្តរជាតិ: សហរដ្ឋអាមេរិកកំពុងឈានមុខគេ ក្នុងផ្នែកសំណង់សណ្ឋាគារជាសកល ដោយបានរៀបចំគម្រោងសណ្ឋា​គារចំនួន៦.០៩៥គម្រោង សម្រាប់សាងសង់នាពេលអនាគត ដែលមានជាង៧០ម៉ឺនបន្ទប់។ នេះបើយោងតាម ​របាយការណ៍របស់ទីភ្នាក់ងារ Lodging Econometrics។

ប្រទេសចិនឈរនៅលេខរៀងទី២ ដោយមានគម្រោងសណ្ឋាគារ នាពេលអនាគតចំនួន៣.៨១៥គម្រោង ដែលមានជិត៧០ម៉ឺនបន្ទប់។ ប្រសិនបើបូកបញ្ចូលគ្នា ប្រទេសទាំង២នេះមានចំណែក៦៤ភាគរយ នៃគម្រោងសាងសង់សណ្ឋាគារសរុបទូទាំងពិភពលោក។

នៅសហរដ្ឋអាមេរិក  ទីក្រុង Dallas មានគម្រោងសណ្ឋា​គារនាពេលអនាគត ច្រើនបំផុតចំនួន១៨៩គម្រោង និងមាន២២.៣៩២បន្ទប់។ ចំណែក ទីក្រុង Atlanta មានគម្រោងសណ្ឋា​គារចំនួន១៥៩គម្រោង និងមាន១៨.៥២២បន្ទប់ លើសពីទីក្រុងធំៗរបស់ប្រទេសចិន ដូចជា ទីក្រុង Chengdu និងទីក្រុងសៀងហៃ។

របាយការណ៍បង្ហាញថា បច្ចុប្បន្ន គម្រោងសណ្ឋាគារចំនួន៦.២៦៥គម្រោង កំពុងស្ថិតក្រោមការសាងសង់ នៅទូទាំងពិភពលោក ខណៈគម្រោងចំនួន៥.២១៦ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលធ្វើផែនការដំបូង។ គម្រោង​ទាំងនេះ ត្រូវ​ឆ្លង​កាត់​ដំណាក់កាល​ខុសៗ​គ្នា ចាប់​ពី​ការ​ធ្វើ​ផែនការ​ដំបូង​ដល់​ដំណាក់កាល​សាងសង់។

លោក Dimitrios Buhalis សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Bournemouth នៅក្នុងប្រទេសអង់គ្លេស បានលើកឡើងថា “សណ្ឋា​គារមាន​តម្រូវ​ការ​កាន់​តែ​ធំ ជា​ពិសេស​បន្ទាប់​ពី​ជំងឺកូវីដ។  មនុស្ស​ចង់​ធ្វើ​ដំណើរ​ ដោយ​សារ​តែ​ពួក​គេ ​មិន​ឱ្យ​តម្លៃ​លើការទិញទំនិញ​សម្ភារៈ ប៉ុន្តែ​ពួកគេ​ឱ្យ​តម្លៃ​លើ​បទពិសោធន៍”។

សម្រាប់អនាគតខាងមុខ កំណើននៃការសាងសង់សណ្ឋា​គារត្រូវបានគេរំពឹងថា នឹងបន្តមានភាពរ៉ឹងមាំ។និន្នាការនេះ នឹងជះឥទ្ធិពល ដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ជាពិសេសវិស័យការងារ ទេសចរណ៍ និងអចលនទ្រព្យ៕ប្រភព:Newsweek៕