ក្រុមហ៊ុនចិនធំមួយមានបំណងស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា!

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោកយុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងា​រជាមួយគណៈប្រតិភូតំណាងក្រុមហ៊ុន MUYUAN FOOD ដែលជាក្រុមហ៊ុនវិនិយោគ លើវិស័យកសិកម្មដ៏ធំមួយនៅប្រទេសចិន។

ក្នុងជំនួបកាលពីចុងសប្តាហ៍មុន លោកយុន ហេងបានឧទ្ទេសនាមដោយសង្ខេបអំពី: ស្ថាប័ន ក.អ.ក., ការលើកទឹកចិត្ត និងការធានាវិនិយោគ ក្រោមក្របខ័ណ្ឌច្បាប់វិនិយោគ, កត្តាអំណោយផល នៃសន្តិភាពនិងស្ថិរភាពនយោបាយ, និងភាពលេចធ្លោ នៃហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់កម្ពុជា ដែលកំពុងរីកដុះដាលជាបន្តបន្ទាប់។

បន្ទាប់ពីបានស្តាប់បទឧទ្ទេសនាម សង្ខេបរបស់លោកអគ្គលេខាធិការរង, តំណាងក្រុមហ៊ុនបានសម្តែង នូវសេចក្តីសោ​មនស្សយ៉ាងខ្លាំង និងបានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំ ក្នុងការវិនិយោគនៅប្រទេសកម្ពុជា ប្រកបដោយការទុកចិត្ត និងភាពកក់ក្តៅ។

ថ្នាក់ដឹកនាំក្រុមហ៊ុនបានបញ្ជាក់ថា “ខ្លួនមានទំនុកចិត្តក្នុងការផ្សព្វផ្សាយ ទៅកាន់វិនិយោគិនដទៃថា “មកវិនិយោគនៅអាស៊ាន ត្រូវនឹកឃើញដល់ប្រទេសកម្ពុជាមុនគេ”៕