ជនបរទេសរស់នៅប្រទេសសិង្ហបុរី សម្រេចកាត់បន្ថយការចំណាយទិញផ្ទះ និងសម្ភារៈថ្លៃៗ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមជនបរទេសមានទ្រព្យ សម្បត្តិស្តុកស្តម្ភនៅប្រទេសសិង្ហបុរី កំពុងកាត់បន្ថយការចំណាយច្រើនសន្ធឹកសន្ធា​ប់ ដោយនាំឱ្យមានការថយចុះ នៃតម្រូវការទិញផ្ទះប្រណីត រថយន្ត និងទំនិញមានតម្លៃថ្លៃកប់ពពកផ្សេងទៀត។

និន្នាការនេះកើតមានឡើង ក្រោយពីរដ្ឋាភិបាលសិង្ហបុរីបានបង្កើនការត្រួតពិនិត្យ កាន់តែខ្លាំងទៅលើទ្រព្យសម្បត្តិហិរញ្ញវត្ថុរបស់ជនបរទេស។

កាលពីខែសីហាឆ្នាំមុន សិង្ហបុរី បានរកឃើញករណីលាងលុយកខ្វក់ជាប្រវត្តិសាស្ត្រ ដែលក្រុមឧក្រិដ្ឋជនមកពីប្រទេសចិន បានលាងលុយជាង៣ពាន់លានដុល្លារសិង្ហបុរី (ប្រហែល២,២ពាន់លានដុល្លារអាមេរិក) ជាប្រាក់ទទួលបានពីការលេងល្បែងអនឡាញ តាមរយៈស្ថាប័នហិរញ្ញវត្ថុយ៉ាងតិច១៦ នៅក្នុងទីក្រុងសិង្ហបុរី។ នេះបើយោងតាមកាសែត The Straits Times។

ក្រោយពេលកើតហេតុ អាជ្ញាធរក្រុងសិង្ហបុរី បានទាមទារព័ត៌មានបន្ថែមពីការិយាល័យគ្រួសារ និងមូលនិធិការពារហានិភ័យ។ ស្ថាប័នទាំង២នេះ ជាអង្គភាពឯកជន ខាងផ្តល់សេវាកម្មដល់គ្រួសារ និងបុគ្គលមានទ្រព្យសម្បត្តិច្រើន។

ជាមួយគ្នានេះ សារព័ត៌មាន Business Times បានរាយកា​រណ៍ថា ធនាគារផ្តល់ប្រាក់កម្ចីធំៗជាច្រើន នៅក្នុងប្រទេសសិង្ហបុរី ក៏បានបង្កើនការត្រួតពិនិត្យ លើក្រុមអតិថិជនរបស់ពួកគេផងដែរ។

ការដាក់ចេញវិធីសាស្រ្តបង្កើន ការប្រុងប្រយ័ត្នចំពោះលំហូរសាច់ប្រាក់ពីបរទេស បានធ្វើឱ្យគ្រួសារអ្នកមានជាច្រើនមកពីប្រទេសចិន ដើរចេញពីសិង្ហបុរី ដើម្បីបង្កើតការិយាល័យគ្រួសារនៅទីក្រុងផ្សេងទៀត។

ទន្ទឹមនឹងនេះ បច្ចុប្បន្ន ជនបរទេសមានទ្រព្យសម្បត្តិច្រើនកំពុងប្រកាន់យកវិធីសាស្រ្តអត់ធ្មត់ រង់ចាំមើលវិធានការបន្តបន្ទាប់ របស់រដ្ឋាភិបាលប្រទេសសិង្ហបុរី។ នេះបើយោងតាមការលើកឡើង របស់ក្រុមអ្នកសង្កេតការណ៍ ឧស្សាហកម្មអចលនទ្រព្យ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់សិង្ហបុរី បានរាយការណ៍ថា ការលក់ផ្ទះប្រណីតមានតម្លៃ ចាប់ពី៥លានដុល្លារសិង្ហបុរីបានដាំក្បាលចុះ៥០ភាគរយ នៅត្រីមាសទី១ ឆ្នាំ២០២៤ ហើយក្នុងនោះ ការទិញដោយជនបរទេសបានធ្លាក់ចុះ៩៨%។

ចំណែក ការលក់រថយន្តមានតម្លៃថ្លៃបំផុត ចាប់ពី១លានដុល្លារសិង្ហបុរី បានធ្លាក់ចុះយ៉ាងខ្លាំង។ តួយ៉ាង ក្រុមហ៊ុនម៉ាកយីហោល្បីៗ ចំនួន៦របស់សិង្ហបុរី លក់ដាច់រថយន្តថ្មីបាន៣២គ្រឿងប៉ុណ្ណោះ ក្នុងត្រីមាសទី១ ធ្លាក់ចុះ៧៤%ធៀបនឹងឆ្នាំមុន។

លោក Say Kwee Neng ដៃគូគ្រប់គ្រងនៅក្រុមហ៊ុនប្រឹក្សាផ្នែករថយន្ត One Strategic Consulting បានបញ្ជាក់ប្រាប់សារពត៌មាន South China Morning Post ថា បទប្បញ្ញត្តិថ្មីរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ករណីលាងលុយកខ្វក់ បានតម្រូវឱ្យបុគ្គលិកផ្នែកលក់សាកសួរព័ត៌មានបន្ថែម និងសុពលភាពនៃការទិញរថយន្តមានតម្លៃខ្ពស់។

លោកបានអះអាងថា “ដោយសារការត្រួតពិនិត្យដ៏តឹងរ៉ឹងទាំងនេះ មនុស្សជាច្រើនមិនចូលចិត្តមានការរំខាន និងបោះ​បង់​ការទិញរថយន្ត ក្នុងក្តីស្រមៃរបស់ពួកគេ”។

លោកបន្ថែមថា ថ្មីៗនេះចំនួនអតិថិជន ដើរចូលសាលបន្ទប់ ដាក់តាំងបង្ហាញរថយន្ត បានថយចុះគួរឱ្យកត់សម្គាល់ ហើយអតិថិជនកាន់តែច្រើន បានបដិសេធនឹងការអញ្ជើញឱ្យបើកបរសាកល្បង៕ប្រភព: Vnexpress៕