ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលឥណ្ឌា បានប្រែក្លាយចំណែក៩៥ភាគរយ នៃបណ្តាញផ្លូវដែកសរុប ចម្ងាយ៦៨.០០០គីឡូម៉ែត្រជាប្រព័ន្ធ ដើរដោយថាមពលអគ្គិសនីដ៏ធំបំផុត នៅលើពិភពលោក។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងផ្លូវដែក។
លោក Mukul Saran Mathur សមាជិកក្រុមប្រឹក្សាផ្លូវដែកឥណ្ឌា បានលើកឡើងថា ប្រព័ន្ធផ្លូវដែកបានដឹកអ្នកដំណើរចំនួន២០លាននាក់ក្នុង១ថ្ងៃ ហើយថ្មីៗនេះ យើងបានដំណើរការរថភ្លើងពិសេសជាង៥ពាន់គ្រឿង ដើម្បីជួយសម្រួលលំហូរពលករចំណាកស្រុក។
លោក Mathur បានបន្តថា រដ្ឋាភិបាលឥណ្ឌា បានបោះទុនជាង១០,១៣ពាន់លានដុល្លារ ដើម្បីពង្រីកផ្លូវរថភ្លើងក្នុងឆ្នាំសារពើពន្ធ២០២៣-២០២៤ ។ លើសពីនេះ ដំណើរការនៃការទូទាត់សងប្រាក់វិញ ដល់អតិថិជនត្រូវបានពន្លឿន ក្នុងករណីរថភ្លើងលុបចោលការចេញដំណើរ។
ក្រុមអ្នកជំនាញបានលើកឡើងថា “ការធ្វើទំនើបកម្មផ្លូវដែកជាគន្លឹះ របស់ប្រទេសឥណ្ឌា ក្នុងការសម្រេចបានកំណើនសេដ្ឋកិច្ច និងជាមធ្យោបាយឆ្ពោះទៅមុខ ដើម្បីសម្រេចបាននូវគោលដៅប្រែក្លាយឥណ្ឌា ទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៧”។
លោក Mukul Saran Mathur បានអះអាងទៀតថា ឥណ្ឌាបានផលិតរថភ្លើងក្នុងស្រុក ឈ្មោះVande Bharat ហើយគ្រោះថ្នាក់ត្រូវបានកាត់បន្ថយ ស្របពេលមានភាពជឿនលឿនផ្នែកបច្ចេកវិទ្យា ហើយរថភ្លើងល្បឿនលឿន ត្រូវបានដាក់ឱ្យរត់នៅលើផ្លូវដែក ដើម្បីកាត់បន្ថយពេលវេលានៃការធ្វើដំណើរ។
លោក Animesh Gupta អ្នកជំនាញនៅក្រុមហ៊ុន Goldratt Research Labs បានសង្កត់ធ្ងន់ថា ឥណ្ឌាចាំបាច់ត្រូវបង្កើនទំហំនៃការដឹកជញ្ជូនតាមផ្លូវដែក ដល់៤០ភាគរយនៃការដឹកជញ្ជូនសរុប និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន ពីប្រតិបត្តិការផ្លូវដែក។
ចំណែក លោក Manish Puri អ្នកជំនាញនៅក្រុមហ៊ុន ACTO និងលោក Moonish Ghuge មន្ត្រីមកពីក្រុមហ៊ុន ABB India Ltd បានលើកឡើងអំពីសារៈសំខាន់ នៃវិធានការសុវត្ថិភាពទំនើប និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបំពេញកំណើនតម្រូវការពាណិជ្ជកម្ម និងធានាសុវត្ថិភាពអ្នកដំណើរ៕ប្រភព:NDTV៕