NBC និងក្រសួងកិច្ចការនារីផ្តោតលើបរិយាប័ន្នហិរញ្ញវត្ថុសម្រាប់ស្រ្តី

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនា​គារជាតិនៃកម្ពុជា និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើការរៀបចំក្របខ័ណ្ឌស្តីពី “ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តី”។

សិក្ខាសាលានេះត្រូវបានគាំទ្រ ដោយអង្គការ Women’s World Banking។

សិក្ខាសាលានេះមានគោលបំណង ​ប្រមូលធាតុចូលសម្រា​ប់ការរៀបចំក្របខ័ណ្ឌស្តីពី ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី និងបង្កើនការយល់ដឹងអំពីក្របខ័ណ្ឌនេះ ព្រមទាំងស្វែងរកការគាំទ្របន្ថែមទៀត ពីក្រសួង-ស្ថាប័ន ដៃគូអភិវ​ឌ្ឍន៍ ក៏ដូចជាភាគីពាក់ព័ន្ធនានា

ដំណើរការរៀបចំក្របខ័ណ្ឌស្តីពី ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី គឺជាកម្មវត្ថុមួយនៃអនុស្សរណៈយោគយល់រវាង ធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារី ដើម្បីបង្កើតឱ្យមានឯកសារមេ និងផែនទីចង្អុលផ្លូវ ដើម្បីគាំទ្រការលើកកម្ពស់សមភាពយេនឌ័រ និងបរិយាបន្នហិរញ្ញវត្ថុ សម្រាប់ស្ត្រី សំដៅចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុ៕