ក្រុមហ៊ុនយក្សអាមេរិក Murphy Oil គ្រោងខួងកំណប់អណ្តូងប្រេងដ៏ធំ២ទីតាំង នៅឈូងសមុទ្ររបស់វៀតណាម

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុម​ហ៊ុន​​រុករក និងផលិតប្រេង​​​សកល Murphy Oil Corporation របស់សហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមខួង​អណ្តូងប្រេង​ នៅក្នុងប្រទេសវៀតណាម ចំនួន២​ទីតាំងនៅដំណា ច់ចុងត្រីមាសទី៣ និង​ត្រីមាសទី៤ ​ឆ្នាំ​២០២៤នេះ​ ជា​បន្ត​បន្ទាប់​គ្នា​។ ​

ផែនការខាងលើនេះ ត្រូវបានលើកមកចុះផ្សាយដោយសា រពត៌មានវៀតណាម​ ​The Investor តាមរយៈការដកស្រង់​សម្ដី​របស់លោក Roger Jenkins នាយកប្រតិបត្តិក្រុម​ហ៊ុន​ Murphy Oil Corporation។

លោក​ Jenkins បាន​មានប្រសាសន៍ឱ្យដឹង​​ថា ក្រុមហ៊ុនគ្រោងខួងអណ្តូងប្រេងឈ្មោះ “Hai Su Vang” នៅក្នុងប្លុក15-2/17 ​នៅ​ត្រីមាស​ទី​៣​ ឆ្នាំ​ ២០២៤ ​និងអណ្តូងប្រេង Lac Da Hong នៅក្នុងប្លុក 15-1/05 ​នៅ​ត្រីមាស​ទី៤ ​ឆ្នាំ​តែមួយ។ ប្លុកប្រេង​ទាំង២​នេះ មានទីតាំងស្ថិតនៅតំបន់​ (Cuu Long ក្នុងឈូងសមុទ្រភាគខាងត្បូងរបស់​ប្រទេសវៀតណាម។

ក្រុមហ៊ុនលំដាប់យក្ស Murphy Oil បានធ្វើការប៉ាន់ប្រមា ណថា អណ្តូងប្រេង Hai Su Vang ​មាន​ធន​ធាន​​ប្រេង​ចន្លោះ​ពី​១៧០លាន ទៅ៤៣០លាន​បារ៉ែល​ ខណៈ​អណ្តូងប្រេង Lac Da Hong មាន​ធនធានប្រេងចន្លោះ​ពី​៦៥ ទៅ១៣៥លាន​បារ៉ែល។

ជាមួយគ្នានេះ លោក Eric Hambly ប្រធានទទួលបន្ទុកផ្នែកប្រតិបត្តិការ​របស់​ក្រុមហ៊ុន Murphy Oil Corporation បាន​គូសបញ្ជាក់ឱ្យដឹងថា “អណ្តូងប្រេង​ទាំង​២​ខាងលើ នៅក្នុង​ប្រទេស​វៀតណាមមានសក្តានុពល និងអាចក្លាយជាអាជីវកម្មរុករកប្រេងខ្នាតធំ សម្រាប់​ក្រុមហ៊ុន​របស់ខ្លួន”។

លើសពីនេះ​ លោក Jenkins ​បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន​ Murphy Oil Corporation ទទួល​បាននូវគ្រឿងសម្ភារៈបរិក្ខារសំខាន់ៗ និងកិច្ចសន្យាបំពង់បង្ហូរប្រេង សម្រាប់ការអភិវឌ្ឍន៍តំបន់អណ្តូងប្រេង​ Lac Da Vang ​កាល​ពីត្រីមាស​ទី​២​។

គម្រោង​មួយនេះ​រំពឹងថា ​នឹង​អាចសម្រេច​បាន​ដំណក់ប្រេង​ដំបូង​បំផុត​​ នៅដំណាច់ចុង​ឆ្នាំ​២០២៦ខាងមុខ៕ ប្រភព: The Investor៕