ដោយៈ ម៉ាលីនណា
ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ តូយ៉ូតា ស៊ុយស៊ូ ហ្វាយនែន (ខេមបូឌា) ភីអិលស៊ី ដឹកនាំដោយឧកញ៉ាគង់ នួន ជាប្រធានក្រុមប្រឹក្សាភិបាល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ ឧកញ៉ា គង់ នួន បានជម្រាបជូនពីដំណើរប្រតិបត្តិការរបស់ក្រុមហ៊ុន គិតចាប់ពីបង្កើតដំបូង និងបានស្នើសុំអនុសាសន៍ ទាក់ទងនឹងការរៀបចំឯកសារ ក៏ដូចជាទម្រង់បែបបទនានា សំដៅសម្រេចបានអនុលោមភាព ដើម្បីពង្រីកប្រតិបត្តិការអាជីវកម្ម ឱ្យបានកាន់តែទូលំទូលាយ។
ឧកញ៉ាក៏បានលើកឡើង ពីសក្តានុពលសេដ្ឋកិច្ចនៅកម្ពុជា ដែលបានទាក់ទាញភាគទុនិកជប៉ុន ឱ្យបន្តចូលរួមក្នុងផែនការពង្រីកអាជីវកម្មបន្ថែមទៀត។
ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានសាទរចំពោះដំណើរវិវត្តន៍វិជ្ជមាន នៃប្រតិបត្តិការរបស់ក្រុមហ៊ុននៅកម្ពុជា និងស្វាគមន៍គំនិតពង្រីកប្រតិបត្តិការអាជីវកម្ម និងការតាំងចិត្តបំពេញអនុលោមភាពបន្ថែមទៀត។
លើសពីនេះ លោកជំទាវក៏បានលើកឡើង ពីការផ្តល់ការគាំទ្រសមស្របនានា ពីធនាគារជាតិនៃកម្ពុជា ដល់ក្រុមហ៊ុនក្នុងដំណើរការនេះផងដែរ៕